អូស្ត្រាលីទម្លាយពីបច្ចេកវិទ្យាទំនើបមួយ ដែលអាចរកឃើញខ្មោចនាវាមុជទឹកសម័យសង្គ្រាមលោក (រូបភាពខាងក្នុង)
(ស៊ីដនី)៖ បច្ចេកវិទ្យាបង្កើតពុម្ពគំរូបែប 3D ដ៏ទំនើប ត្រូវបានប្រើប្រាស់ ដើម្បីធ្វើការរុករកក្នុងខ្មោចនាវាមុជទឹកអូស្រ្តាលី ដែលបានលិចនៅឯកណ្តាលសមុទ្រ កាលពីសម័យសង្រ្គាមលោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២២ ខែមិថុនា ឆ្នាំ២០១៨។
នាវាមុជទឹក HMAS AE1 មានផ្ទុកមនុស្ស ៣៥នាក់ បានលិចនៅក្រោមបាតសមុទ្រកាលពីជាង ១០០ឆ្នាំមុន នៅឆ្នាំ១៩១៤ ប៉ុន្តែទាល់តែដល់ឆ្នាំទៅមិញប៉ុណ្ណោះ (២០១៧) ទើបទីតាំងនៃកន្លែងដែលនាវានេះលិច ត្រូវបានគេរកឃើញ។ ក្រោយការតាមស្វែងរកអស់រាប់ទសវត្សរ៍មក ទីបំផុតនាវាមុជទឹក HMAS AE1 ក៏ត្រូវបានរកឃើញនៅជម្រៅ ៣០០ម៉ែត្រក្រោមផ្ទៃទឹក នៅក្បែរកោះ Duke of York នៃប្រទេសប៉ាពូញូហ្គីណេ។
ចាប់តាំងពីពេលរកឃើញមកនោះ ដើម្បីស្វែងយល់ និងសិក្សាបន្ថែម ក្រុមអ្នកស្រាវជ្រាវអូស្រ្តាលីបានផ្តិតយករូបភាពប្រមាណ ៨,៥០០សន្លឹករបស់ខ្មោចនាវាមុជទឹក និងបានគ្រោងបង្កើតម៉ូដែល 3D នៃ HMAS AE1 ថែមទៀត ខណៈដែលវានាពេលនេះ ស្ថិតនៅក្រោមបាតសមុទ្រទៅហើយ។ ក្រុមអ្នកស្រាវជ្រាវ រំពឹងថា ការប្រើប្រាស់បច្ចេកវិទ្យានេះ នឹងអាចជួយការបង្កើនការយល់ដឹងថា ហេតុអ្វីបានជានាវាមុជទឹកនេះលិច។
គួរជម្រាបថា នាវាមុជទឹក HMAS AE1 ទើបតែបម្រើការបានប្រមាណ ០៧ខែប៉ុណ្ណោះ នៅពេលដែលវាបានចាកចេញពីទីក្រុងស៊ីដនី ដើម្បីទៅដណ្តើមគ្រប់គ្រងប៉ាពូញូហ្គីណេ ដែលកាលនោះស្ថិតក្រោមការគ្រប់គ្រងរបស់អាល្លឺម៉ង់។ HMAS AE1 គឺជានាវាមុជទឹកដំបូងបំផុតរបស់ទ័ពជើងទឹកអាមេរិក ដែលបានបាត់បង់នៅក្នុងសម័យសង្រ្គាម៕