ដើម្បីលើកស្ទួយបរិស្ថានធម្មជាតិ ចិនលើកទិសដៅធ្វើឲ្យទីក្រុងចំនួន ៣០០ ក្លាយជាទីក្រុងព្រៃឈើ!
(ប៉េកាំង)៖ ចិនមានគម្រោងស្ថាបនាទីក្រុង ដែលមានការលើកកម្ពស់ព្រៃឈើឲ្យបានចំនួន ៣០០ក្រុងបន្ថែម នៅឆ្នាំ២០២៥ ដើម្បីលើកស្ទួយលក្ខខណ្ឌបរិស្ថាន នៅតាមតំបន់ទីប្រជុំជន។ នេះបើតាមការដកស្រង់ការផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៩ ខែកក្កដា ឆ្នាំ២០១៨។
គម្រោងខាងលើត្រូវគេរំពឹងថា នឹងអាចជួយកាត់បន្ថយសីតុណ្ហភាព, បង្កើនគុណភាពខ្យល់ដកដង្ហើម, បង្កើតរនាំងទប់ស្កាត់ការរំខានដោយសំឡេង, បង្កើតជម្រកជីវិតសត្វព្រៃថ្មីៗ, និងលើកកម្ពស់ជីវចំរុះនៅក្នុងតំបន់។ បើតាមគម្រោងអភិវឌ្ឍន៍ជាតិ ដែលបញ្ចេញដោយរដ្ឋបាលព្រៃឈើចិន ទីក្រុងព្រៃឈើចំនួន ២០០ក្រុង ព្រមទាំងចង្កោមក្រុងធំៗចំនួន ០៦ នឹងត្រូវអភិវឌ្ឍន៍នៅក្នុងអំឡុងពេល ០២ឆ្នាំខាងមុខ។
គួរជម្រាបថា នៅក្រោមផែនការខាងលើ តំបន់ដូចជាចង្កោមក្រុងប៉េកាំង-ធានជីន-ហ៊ីបី ព្រមទាំងក្រុងនៅតាមបណ្តោយទន្លេ Yangtze និងតំបន់ព្រំដែនជាប់បណ្តាប្រទេស ដែលស្ថិតក្នុងកិច្ចផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ នឹងជាអាទិភាពចម្បងជាងគេ។ មកទល់ពេលនេះ ទីក្រុងប្រមាណ ១៣៨ក្រុង ទទួលបានងារជាទីក្រុងលើកកម្ពស់ព្រៃឈើ ដោយទីក្រុងទាំងនោះ នីមួយៗមានផ្ទៃដីដាំដុះព្រៃឈើកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំជាមធ្យម ១៣,៣៣៣ហិកតា ក្នុងអំឡុងពេល ០៥ឆ្នាំ កន្លងទៅនេះ៕