ស្គែនផ្ទៃដី ៥០០ដងក្នុងមួយវិនាទី ដើម្បីប្រកាសអាសន្នមុនគ្រោះរញ្ជួយដីកើតឡើង, នេះជាការបង្កើតឡើងដោយអ៊ីស្រាអែល…
(ហ្សេរុយសាឡឹម)៖ ប្រព័ន្ធព្យាករណ៍គ្រោះរញ្ជួយដី ដែលបង្កើតឡើងដោយក្រុមហ៊ុនអ៊ីស្រាអែលឈ្មោះថា ហ្សេស្មិចអេអាយ (SeismicAI) នឹងត្រូវដាក់ឲ្យប្រើប្រាស់នៅតាមប្រទេសអឺរ៉ុប និងអាស៊ីមួយចំនួននាពេលឆាប់ៗខាងមុខ ដើម្បជួយប្រជាជាតិទាំងនេះ ក្នុងការបង្ការការពារខ្លួនពីគ្រោះធម្មជាតិប្រភេទនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០១៨។
ក្រុមហ៊ុន SeismicAI ដែលមានទីតាំងនៅក្នុងទីក្រុងតែលអាវីវរបស់អ៊ីស្រាអែល បានប្រើប្រាស់បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (Arificial Intelligence) ដែលប្រមែប្រមូលទិន្នន័យពីហេតុការណ៍រញ្ជួយតូចៗញឹកញាប់ ដើម្បីព្យាករណ៍ទៅលើគ្រោះរញ្ជួយដីនាពេលខាងមុខ ដែលមានកម្រិតធ្ងន់ៗ។
ស្ថានីយតាមដានគ្រោះរញ្ជួយដីរបស់ SeismicA ត្រូវសាងសង់ឡើងដោយបំពាក់ប្រព័ន្ធ Sensor ដែលអាចចាប់សញ្ញានូវរលកនៃគ្រោះរញ្ជួយដីបាន ហើយប្រព័ន្ធនេះធ្វើការត្រួតពិនិត្យផ្ទៃដីជារៀងរាល់ ៥០០ដងក្នុងមួយវិនាទី ខណៈព័ត៌មាននេះ ត្រូវយកទៅប្រើប្រាស់ក្នុងស្ថានភាពជាក់ស្តែងភ្លាមៗតែម្តង។
គួរជម្រាបថា នៅពេលដែលគ្រោះរញ្ជួយដី ត្រូវបានប្រទះឃើញដោយស្ថានីយខាងលើ នឹងបញ្ជូនសញ្ញាទៅកាន់ប្រព័ន្ធគ្រប់គ្រងធំរបស់ក្រុមហ៊ុន ហើយប្រជាជននៅតាមតំបន់ ក៏នឹងទទួលបានសារនៅលើទូរស័ព្ទដៃ ដើម្បីត្រៀមលក្ខណៈរបស់ខ្លួនផងដែរ។ ប្រព័ន្ធនេះក៏មានសមត្ថភាព បង្គាប់ឲ្យមានការបិទទៅលើប្រព័ន្ធបំពង់ឧស្ម័ន ប្រព័ន្ធម៉ាស៊ីនរង្វិល និងរោងចក្រគីមីឥន្ទនៈ រួមទាំងបញ្ឈប់ចរាចរណ៍នៅលើផ្លូវដែកថែមទៀតផង៕