Oops! សត្វព្រូនមួយប្រភេទកកខ្លួនក្នុងទឹកកកជិត «៤២,០០០ឆ្នាំ» ហើយនៅរស់ឡើងវិញបានទៀត…
(ម៉ូស្គូ)៖ ក្រុមអ្នកវិទ្យាសាស្រ្តបានធ្វើឲ្យពួកសត្វព្រូនមួយប្រភេទ អាចរស់ឡើងវិញ ក្រោយពីពួកវាបានកកជាប់នៅក្នុងតំបន់ដ៏ត្រជាក់ «ស៊ីបេរី» នៃប្រទេសរុស្ស៊ី អស់រយៈពេលជិត ៤២,០០០ឆ្នាំ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី៣១ ខែកក្កដា ឆ្នាំ២០១៨។
ក្រុមសត្វព្រូនខាងលើត្រូវគេយកមកពីគំរូសារីរាង្គចំនួន ០២ ដែលត្រូវបានរកឃើញនៅតំបន់ស៊ីបេរី ដោយក្នុងចំណោមនោះមួយមានអាយុកាលប្រមាណ ៣២,០០០ឆ្នាំ ត្រូវបានរកឃើញក្នុងស្នូលទឹកកកមួយដុំ ដែលនៅជម្រៅ ៣០ម៉ែត្រក្រោមផ្ទៃដី ខណៈមួយទៀតត្រូវបានយកចេញពីជម្រៅ ៣.៥ម៉ែត្រ មានអាយុកាល ៤១,៧០០ឆ្នាំ។
គួរជម្រាបថា ក្រោយពីយកពីក្នុងដុំទឹកកក ពពួកព្រូនខាងលើត្រូវបានគេដាក់ឲ្យស្ថិតក្រោមសីតុណ្ហភាព ២០អង្សាសេ ហើយពួកវាបានចាប់ផ្តើមបង្ហាញសញ្ញានៃការរស់រានមានជីវិត រួចធ្វើចលនា និងស៊ីចំណីអាហារ នៅប៉ុន្មានសប្តាហ៍ក្រោយ។
ទោះបីជាបែបនេះក្តី អ្នកវិទ្យាសាស្ត្រមិនទាន់មានការបញ្ជាក់អ្វីបន្ថែមទៀតនោះឡើយ ប៉ុន្តែវាអាចជាក្តីរំភើបថ្មីមួយសម្រាប់ការស្រាវជ្រាវ និងស្វែងរកជីវិតប្លែកៗពីពពួកព្រូនខាងលើនេះទៀត ដែលអាចមានជីវិតទោះបីជាត្រូវកកនៅក្នុទឹកកកយូរឆ្នាំយ៉ាងណាក៏ដោយ ជាក់ស្តែងដូចជាព្រួនដែលមានអាយុកាល់ជិត ៤២,០០០ឆ្នាំខាងលើនេះឯង៕