ជិតក្លាយជាការពិតហើយ! កងទ័ពអវកាសដំបូងលើលោក នឹងលេចចេញនៅឆ្នាំ២០២០!
(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ទីបំផុតបានប្រកាសពីគម្រោងប្រកបដោយមហិច្ឆតារបស់ខ្លួនថា កងទ័ពអវកាសនឹងត្រូវឡើងជាកងអង្គភាពទី ៦ នៃយោធារបស់សហរដ្ឋអាមេរិក មិនឲ្យលើសពីឆ្នាំ២០២០ នោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែសីហា ឆ្នាំ២០១៨។
នាពេលកន្លងមកនេះលោក ដូណាល់ ត្រាំ បានខិតខំលើកស្ទួយគម្រោងខាងលើជាខ្លាំង ដោយលោកចង់បង្កើតកងកម្លាំងយោធាដាច់ដោយឡែកមួយ ដែលមានសារៈសំខាន់ស្មើនឹងកងទ័ពអាកាស និងកងទ័ពជើងគោកដែរ ប៉ុន្តែផ្តោតទៅលើទីអវកាស។ សម្រា់សេចក្តីប្រកាសស្តីពីព័ត៌មានលម្អិត នៃគម្រោងប្រកបដោយមហិច្ឆតានេះ ត្រូវបានធ្វើឡើងដោយអនុប្រធានាធិបតីអាមេរិកលោក ម៉ៃក៍ ផែន (Mike Pence)។
គួរជម្រាបថា កងទ័ពអវកាសនេះត្រូវគេរំពឹងថា មានទទួលបន្ទុកសំខាន់ៗនៅទីអវកាស ដែលរួមមានទាំងការគ្រប់គ្រងលើផ្កាយរណប GPS និងប្រព័ន្ធសែនស័រ (Sensor) តាមដានការបាញ់មីស៊ីលជាដើម។ យ៉ាងណាមិញ ក្រុមអ្នករិះគន់បានមើលឃើញគម្រោងនេះថាជារឿងមិនចាំបាច់ និងចាយវាយឥតប្រយោជន៍ ពីព្រោះថាកិច្ចទាំងនេះ កំពុងត្រូវបានមើលខុសត្រូវប្រកបដោយប្រសិទ្ធភាព ដោយទ័ពអាកាសអាមេរិករួចស្រេចទៅហើយ។
បញ្ជាក់បន្ថែម៖ នៅក្នុងអត្ថបទមួយមានចំណងជើងថា «Houston, We Have a Space Force» Wall Street Journal បានសរសេរថា «គម្រោងនេះមិនគួរលេចចេញជារូបរាងឡើយនាពេលនេះ ទោះបីជាលោក ដូណាល់ ត្រាំ គិតត្រូវអំពីការគំរាមកំហែងពីគូប្រជែងក៏ដោយក្តី»។ សារព័ត៌មាននេះបានលើកឡើងថា បញ្ហានោះគឺមិនមែនទីអវកាស ពុំសាកសមនឹងទទួលចំណាប់អារម្មណ៍របស់យើងឡើយ ប៉ុន្តែយោធាសព្វថ្ងៃកំពុងមានបន្ទុកខ្លាំង ទាក់ទិននឹងវត្តមាននៃស្ថាប័នចំណុះ និងថ្លៃចាយវាយផ្សេងៗដ៏ច្រើនសន្ធឹកសន្ធាប់ ដែលអាចធ្វើឲ្យការបង្កើតកងទ័ពអវកាស ដាច់ដោយឡែកមួយទៀតនោះ ពុំមែនជាគំនិតល្អឡើយ។
ម៉្យាងវិញទៀត វាក៏នឹងបង្កឲ្យមានការប្រកួតប្រជែងគ្នា រវាងកងអង្គភាពនីមួយៗ នៃកងកម្លាំងប្រដាប់អាវុធអាមេរិកផងដែរ ជាពិសេសនោះ គឺរវាងកងទ័ពអវកាសថ្មី និងកងទ័ពអាកាស ដែលបច្ចុប្បន្នមានតួនាទីមើលការខុសត្រូវ លើសកម្មភាពយោធានៅទីអវកាសប្រមាណ៩០ភាគរយតែម្តង ដើម្បីដណ្តើមយកកញ្ចប់ថវិកាពីក្រសួងការពារជាតិ។ យ៉ាងណាមិញ លោកប្រធានាធិបតីអាមេរិក បាននិងកំពុងបន្តលើកឡើង អំពីគម្រោងបង្កើតទ័ពអវកាសនេះ នៅតាមព្រឹត្តិការណ៍យោធា និងការជួបអ្នកគាំទ្រផ្នែកនយោបាយនានា ដែលរាល់ការថ្លែងទាក់ទិននឹងគំនិតនេះ លោក ត្រាំ តែងតែទទួលបានការទះដៃសាទរពីសំណាក់អ្នកចូលរួម៕