NASA ត្រៀមបាញ់បង្ហោះផ្កាយរណបឡាស៊ែរឡើងអវកាសនៅខែក្រោយ ដើម្បីតាមដានបម្រែបម្រួលនៃផ្ទាំងទឹកកកលើផែនដី
(អាមេរិក)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA កំពុងត្រៀមខ្លួនបាញ់បង្ហោះផ្កាយរណបបំពាក់ប្រព័ន្ធកាំរស្មីឡាស៊ែរដ៏ទំនើបមួយ ដែលនឹងចំណាយពេល០៣ឆ្នាំ ដើម្បីធ្វើការសិក្សាទៅលើការប្រែប្រួលនៃផ្ទាំងទឹកកករបស់ផែនដី ពីទីអវកាស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅរសៀលថ្ងៃសុក្រ ទី២៤ ខែសីហា ឆ្នាំ២០១៨។
ផ្កាយរណបខាងលើ ដែលមានឈ្មោះកាត់ថា ICESat-2 បច្ចុប្បន្ន ត្រូវគេគ្រោងនឹងបាញ់បង្ហោះនៅពាក់កណ្តាលខែកញ្ញាខាងមុខ ហើយវានឹងមានសមត្ថភាពវាស់វែងលើកម្រិតនៃប្រែប្រួលរបស់ផ្ទាំងទឹកកកនៅលើផែនដី ពីរដូវកាលមួយទៅមួយ។ ទំហំនៃតំបន់ផ្ទាំងទឹកកក ដែលវាត្រូវធ្វើការសិក្សាអាចធំជាងឬប្រហាក់ប្រហែលនឹងទំហំរបស់សហរដ្ឋអាមេរិកទាំងមូល ខណៈកម្រិតនៃការបម្រែបម្រួលអាចនឹងតិចតួចខ្លាំង។
ផ្កាយរណប ICESat-2 ដែលមានតម្លៃជាង០១ពាន់លានដុល្លារ និងមានទំហំស្មើរថយន្តខ្នាតតូចមួយគ្រឿងនោះ នឹងដើរតាមគម្រោងធំៗចំនួន០២ កាលពីមុនរបស់ NASA ដែលតាមដានកម្រាស់ផ្ទាំងទឹកកកលើផែនដី គឺបេសកកម្ម ICESat និង Operation IceBridge។
គួរជម្រាបថា បើតាមការកំណត់ ផ្កាយរណបខាងលើ នឹងត្រូវបាញ់ចេញពីមូលដ្ឋានទ័ពអាកាស Vandenberg ក្នុងរដ្ឋកាលីហ្វរញ៉ា នៅថ្ងៃទី១៥ ខែកញ្ញា នៅវេលាព្រឹកចន្លោះម៉ោង៥៖៤៦នាទីនិង០៨៖៤៦នាទី។ ការបាញ់បង្ហោះ ICESat-2 នឹងក្លាយជាការធ្វើដំណើរលើកចុងក្រោយរបស់គ្រាប់រ៉ុក្កែត Delta II នៃក្រុមហ៊ុន United Launch Alliance ដែលបានបញ្ជូនឧបករណ៍ផ្សេងៗឡើងទៅកាន់ទីអវកាសជាង១៥០លើក ក្នុងអំឡុងរយៈពេលជិត៣០ឆ្នាំ៕