រូបភាពស្អាតៗ និងអស្ចារ្យបន្ថែមទៀតហើយត្រូវ Juno ផ្តិតយកបាននៅភពព្រហស្បតិ៍ (រូបភាពខាងក្នុង)
(អាមេរិក)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានបញ្ចេញកម្រងរូបភាពដ៏អស្ចារ្យមួយសំណុំថតបានដោយយានអវកាស Juno ដែលបង្ហាញពីសណ្ឋានបរិយាកាសយ៉ាងស្មុគស្មាញរបស់ភពព្រហស្បតិ៍ (Jupiter)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅល្ងាចថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨។
សំណុំរូបភាពខាងលើនេះត្រូវ Juno ផ្តិតយកទិដ្ឋភាពបានកាលពីថ្ងៃទី១៦ ខែកក្កដាកន្លងទៅ និងបានស្តែងឲ្យឃើញពីលក្ខណៈបរិយាកាស នៅអឌ្ឍគោលខាងជើងរបស់ភពព្រហស្បតិ៍ រួមមានព្យុះពណ៌សដូចគុជស្នូតពណ៌ទឹកក្រូច ដែលគេហៅថា North North Temperate Belt ព្រមទាំងព្យុះពណ៌ក្រហមមួយ ដែលមានរហស្សនាមថា Little Red Spot (តូចជាងព្យុះយក្ស Great Red Spot) ជាដើម។
ការចាប់យករូបភាពនេះ ត្រូវបានធ្វើឡើងនាអំឡុងការបោះឆ្វែលលើកទី១៤ មកកៀកផ្ទៃរបស់ Jupiter នៅត្រឹមចម្ងាយប្រហែល ៦,០០០គីឡូម៉ែត្រ។ ភពព្រហស្បតិ៍មានសារធាតុវិទ្យុសកម្ម និងដែនម៉ាញេទិចខ្លាំងជាងគេបំផុតក្នុងប្រព័ន្ធព្រះអាទិត្យ ដូច្នេះយាន Juno ត្រូវបានផលិតឡើងយ៉ាងពិសេស ដើម្បីទប់ទល់នឹងបរិស្ថានកំណាចទាំងអស់នេះ។
គួរជម្រាបថា យាន Juno ដែលមានតម្លៃ ១.១ពាន់លានដុល្លារ ត្រូវបាន NASA បញ្ជូនឡើងទីអវកាសកាលពីខែសីហា ឆ្នាំ២០១១ ហើយបាននិងកំពុងបន្តសិក្សាស្រាវជ្រាវ និងប្រមូលទិន្នន័យពីភពឧស្ម័នយក្ស Jupiter ចាប់តាំងតែពីខែកក្កដា ឆ្នាំ២០១៦ មកហើយវាត្រូវគេរំពឹងថា នឹងបន្តប្រតិបត្តិការសម្រាប់រយៈពេលជិត ០៣ឆ្នាំទៀត៕