បាតុភូតចម្លែកបំផុតលើភពសៅរ៍ ត្រូវបានអង្កេតដឹងថាមានអាយុកាល ៣៨ឆ្នាំហើយ (រូបភាពខាងក្នុង)
(អាមេរិក)៖ ការសិក្សាថ្មីបានបង្ហាញថា ចរន្តខ្យល់មានរាងឆកោណ (ប្រាំមួយជ្រុង) ដែលស្ថិតនៅជុំវិញតំបន់ប៉ូលខាងជើងនៃភពសៅរ៍ (Saturn) នោះតាមពិតមានកម្ពស់ខ្ពស់ ជាងការស្មានរបស់អ្នកវិទ្យាសាស្រ្ត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅព្រឹកថ្ងៃពុធ ទី០៥ ខែកញ្ញា ឆ្នាំ២០១៨។
នាពេលកន្លងមកនេះ ក្រុមអ្នកស្រាវជ្រាវបានចាត់ទុកចរន្តខ្យល់ខាងលើដែលមានទំហំប្រហែល ៣២,០០០គីឡូម៉ែត្រ និងកម្លាំងបោកបក់ប្រមាណ ៣២០គីឡូម៉ែត្រក្នុងមួយម៉ោងនេះ ជាបាតុភូតមួយដែលកើតឡើងនៅរយៈកម្ពស់ទាបប៉ុណ្ណោះ គឺនៅត្រឹមតំបន់បរិយាកាស Troposphere របស់ភពសៅរ៍។
ប៉ុន្តែនាពេលនេះបាតុភូតខាងលើ តាមពិតលាតសន្ធឹងដល់កម្ពស់ប្រហែល ៣០០គីឡូម៉ែត្រឯណោះពីលើដុំពពកនៃតំបន់ Troposphere ពោលគឺទៅដល់តំបន់ Stratosphere ដោយយ៉ាងហោចណាស់នៅអំឡុងរដូវ Spring និង Summer នៅភាគខាងជើង Saturn បើតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវរកឃើញថ្មី។
គួរជម្រាបថា ចរន្តខ្យល់ដ៏ធំសម្បើមខាងលើ បានបន្តអាយុកាលយ៉ាងតិចក៏ ៣៨ឆ្នាំដែរ ដោយយានអវកាសភ្លោះ Voyager 1 និង 2 របស់ NASA បានប្រទះឃើញបាតុភូតរាងចម្លែកនេះ នៅពេលពួកវាទាំងពីរបានធ្វើដំណើរហោះឆ្វែលភពសៅរ៍កាលពីឆ្នាំ១៩៨០ និង១៩៨១។ ក្រោយមកអ្នកវិទ្យាសាស្រ្ត បានចាប់ផ្តើមព្យាយាមស្វែងយល់លម្អិតពីវា កាលពីឆ្នាំ២០០៤ នៅពេលដែលយាន Cassini បានចាប់ផ្តើមធ្វើគោចរដើម្បីសិក្សាពីភពមានខ្សែក្រវាត់មួយនេះ៕