តារាវិទូនៃសាកលវិទ្យាល័យ Harvard ណែនាំឲ្យ NASA ចាយលុយឲ្យច្រើន ដើម្បីផលិតកែវយឺតអវកាសឆ្លុះរកអេលៀន…
(អាមេរិក)៖ បណ្ឌិតសភាវិទ្យាសាស្រ្តអាមេរិក បានចេញរបាយការណ៍លើកឡើងថា ទីភ្នាក់ងារអវកាស NASA គួរផ្តោតកញ្ចប់ថវិកាស្រាវជ្រាវភពអេលៀន (នៅក្រៅប្រព័ន្ធព្រះអាទិត្យ) ទៅលើការបង្កើត និងអភិវឌ្ឍន៍កែវយឺតធំៗ ទាំងនៅក្នុងទីអវកាស និងនៅលើផែនដី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៦ ខែកញ្ញា ឆ្នាំ២០១៨។

លោក David Charbonneau ដែលជាតារាវិទូនៃសាកលវិទ្យាល័យ Harvard និងជាសហប្រធានគណៈកម្មាធិការរៀបចំរបាយការណ៍ថ្មីនេះ បាននិយាយដូច្នេះថា «មនុស្សលោកយើង បានកើតក្តីចម្ងល់អស់រាប់រយឆ្នាំមកហើយថា តើវាមានជីវិតនៅលើភពដទៃទៀត ក្រៅពីផែនដីដែរ ឬក៏អត់ ហើយបើយើងជ្រើសរើសផ្តោតការវិនិយោគឲ្យចំកន្លែងនោះ ពួកយើងប្រហែលជាអាចទទួលបានចម្លើយសម្រាប់សំណួរនេះ នៅក្នុងពេល ២០ឆ្នាំខាងមុខ»។

គួរជម្រាបថា បើតាមរបាយការណ៍ថ្មីខាងលើការផ្តោតវិនិយោគនោះ គឺរួមមានការសាងសង់កែវយឺតអវកាស ដែលមានអានុភាពខ្លាំងគ្រប់គ្រាន់ ដើម្បីឆ្លុះមើលឃើញភពអេលៀនដោយផ្ទាល់ ព្រមទាំងការសាងសង់មូលដ្ឋានកែវយឺតធំៗនៅលើផែនដី រួមជាមួយការបន្តអភិវឌ្ឍន៍ និងដំណើរការបាញ់បង្ហោះសម្រាប់គម្រោងកែវយឺតអវកាសឈ្មោះថា WFIRST។

សម្រាប់កែវយឺតអវកាស ដែលនៅតែជាក្តីសង្ឃឹមមិនទាន់អាចដំណើរការនៅឡើយនោះ គឺកែវយឺតអវកាស James Webb តែម្តង ដែលមានសមត្ថភាពខ្ពស់ក្នុងការវិភាគដឹង អំពីសមាសធាតុផ្សំ នៃបរិយាកាសស្រោបភពអេលៀនណាមួយ ដែលវាជះរលកសញ្ញាទៅ។ បើសិនជាសមាសធាតុផ្សំនៃបរិយាកាសត្រឹមត្រូវ គួបផ្សំនិងគន្លងគោចរត្រឹមត្រូវដូចផែនដីនោះ វាប្រាកដណាស់ថាមនុស្សអាចសន្មត់ ចំពោះវត្តមាននៃជីវិតក្នុងទម្រង់ណាមួយអាចកើតមាននៅលើភពមួយនោះបាន។

គួរជម្រាបថា ដោយសារតែផ្តោតសំខាន់ទៅលើឧបករណ៍ ដែលនឹងធ្វើប្រតិបត្តិការសម្រាប់រយៈពេល ១៥ឆ្នាំ ទៅ ២០ឆ្នាំ នាពេលខាងមុខ របាយការណ៍នេះបានត្រឹមពិភាក្សា តែអំពីគម្រោងនាពេលបច្ចុប្បន្ន ដូចជាកែវយឺតអវកាស TESS ដែលទើបចាប់ផ្តើមប្រតិបត្តិការកាលពីចុងខែកក្កដា និងគម្រោងកែវយឺតអវកាស James Webb ដែលត្រូវបានគ្រោងនឹងបាញ់បង្ហោះនៅឆ្នាំ២០២១៕

