យន្តហោះចម្លែករបស់រុស្ស៊ី បង្កប់សមត្ថភាពដែលមិនទាន់មាននរណាដឹង!
(ម៉ូស្គូ)៖ រុស្ស៊ីកំពុងស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ យន្ដហោះគ្មានមនុស្សបើកជំនាន់ថ្មីរបស់ខ្លួន ដែលអាចប្រើប្រាស់បានច្រើនយ៉ាង រួមទាំងនៅក្នុងប្រតិបត្តិការប្រយុទ្ធផងដែរ។ នេះបើតាមប្រភពឧស្សហកម្មផលិតយន្ដហោះរុស្ស៊ី ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី១២ ខែកញ្ញា ឆ្នាំ២០១៨។

ប្រភពដដែលបានប្រាប់ Sputnik យ៉ាងដូច្នេះថា «យើងកំពុងស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ យន្ដហោះគា្មនមនុស្សបើកដ៏អស្ចារ្យមួយ… ហើយបច្ចុប្បន្នការងារទាំងឡាយកំពុងដំណើរការទៅមុខយ៉ាងរលូន។ ដូច្នេះឱ្យតែយោធារុស្ស៊ីមានចំណាប់អារម្មណ៍ នោះយន្ដហោះនេះនឹងត្រូវផលិតភ្លាមៗ»។ ប៉ុន្តែសម្រាប់លក្ខណៈសម្បត្តិធំៗរបស់យន្តហោះចម្លែកនេះ គឺមិនទាន់ត្រូវបានបង្ហាញឲ្យច្បាស់លាស់នោះឡើយ។

គួរជម្រាបថា កាលពីខែសីហា ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីក៏ធ្លាប់បានរាយការណ៍ដែរថា ក្រុមហ៊ុនផលិតនាវាចម្បាំងរុស្ស៊ីមួយ គ្រោងនឹងផលិតនាវាផ្ទុកយន្ដហោះចម្បាំង ដែលមានមុខងារច្រើនយ៉ាង ក្នុងនោះរួមមានទាំងសមត្ថភាពប្រយុទ្ធ និងធ្វើជានាវាផ្ទុក ឧទ្ធម្ភាគចក្រជាដើម។

ដោយឡែកយន្តហោះខាងលើនេះ អាចនិយាយបានថាជាគំរោងកំពុងស្ថិតនៅក្នុងការអភិវឌ្ឍរបស់ក្រុមហ៊ុនឯកជនរបស់រុស្ស៊ីប៉ុណ្ណោះ ដោយគ្មានការព្រមព្រៀងជាមួយរដ្ឋាភិបាលនោះឡើយ ប៉ុន្តែបើសិនជាក្រុមហ៊ុនឯកជននេះ អាចមានលក្ខណៈពិសេសណាមួយ ដើម្បីបង្ហាញទៅដល់យោធារុស្ស៊ីនោះ គំរោងនេះអាចនឹងក្លាយជាភាពចាំបាច់ដែលត្រូវឲ្យមានការបង្កើនល្បឿនអភិវឌ្ឍន៍ផងដែរ៕

