រុស្ស៊ីបង្កការភ្ញាក់ផ្អើលខ្លាំង ដោយការបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក មកក្បែររដ្ឋមួយរបស់អាមេរិក (រូបភាពខាងក្នុង)
(វ៉ាស៊ីនតោន)៖ យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីចំនួនពីរគ្រឿង ត្រូវបានយន្តហោះចម្បាំងអាមេរិកប្រភេទ F-22 ចាប់សញ្ញាបានថា បានធ្វើដំណើរមកក្បែររដ្ឋអាឡាស្កា ភាគឦសានសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៨។
យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីខាងលើនេះ គឺត្រូវបានយោធាសហរដ្ឋអាមេរិកអះអាងថា ជាប្រភេទ Tu-95 bombers មានចំនួនពីរគ្រឿង នឹងត្រូវអមរក្បួនដំណើរដោយយន្តហោះចម្បាំងពីរគ្រឿងទៀតប្រភេទ Su-35 ដែលសុទ្ធសឹងតែជាយន្តហោះយុទ្ធសាស្ត្រប្រកបដោយឥទ្ធិពល នៃកងទ័ពអាកាសរបស់រុស្ស៊ីតែម្តង។
យន្តហោះរុស្ស៊ីទាំងនេះ ត្រូវបានយន្តហោះចម្បាំងអាមេរិកចាប់សញ្ញាបានកាលពីវេលាម៉ោង ១០៖០០នាទីយប់ថ្ងៃអង្គារ (ម៉ោងនៅសហរដ្ឋអាមេរិក) និងបានបញ្ជូនដំណឹងនេះ ទៅកាន់កងកម្លាំងនៃបញ្ជាការដ្ឋានទ័ពអាកាស ប្រចាំតំបន់អាមេរិកខាងជើង ដែលស្ថិតនៅគ្រប់គ្រងសន្តិសុខ និងទប់ស្កាត់ការបង្កហេតុពីសំណាក់យោធារុស្ស៊ី ដែលជាមហាអំណាចយោធាលំដាប់លេខ ២ លើលោក។
គួរបញ្ជាក់ថា យោងតាមសេចក្តីថ្លែងការណ៍របស់យោធាអាមេរិក យន្តហោះចម្បាំង និងទម្លាក់គ្រាប់បែករបស់រុស្ស៊ី មិនបានចូលមកក្នុងដែនអាកាសអាមេរិក ឬក៏កាណាដានោះឡើយ ដោយគ្រាន់តែបានហោះមកក្បែរៗដែនអាកាស នៃរដ្ឋអាឡាស្កាតែប៉ុណ្ណោះ ខណៈដែលតំបន់មហាសមុទ្រទឹកកកអាក់ទិក បានក្លាយជាគោលដៅពង្រីកឥទ្ធិពល យោធា និងការត្រៀមដណ្តើមធនធានរួចទៅហើយ រវាងមហាអំណាចនានាដូចជា សហរដ្ឋអាមេរិក ប្រទេសអឺរ៉ុបមួយចំនួន រុស្ស៊ី និងសូម្បីតែមហាយក្សចិន។
ដោយឡែកកាលពីខែឧសភាកន្លងទៅនេះ ក្រសួងការបរទេសរុស្ស៊ីបានថ្លែងថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95 និង Tu-142 ត្រូវបានរារាំងដោយយន្តហោះចម្បាំងអាមេរិក F-22 នៅដែលខ្លួនហោះហើរនៅលើដែនទឹកអន្តរជាតិ នៃមហាសមុទ្រអាក់ទិក ប៉ុន្តែសហរដ្ឋអាមេរិកបានជំទាស់ការចោទប្រកាន់នេះ និងអះអាងថា នេះជាការហោះល្បាតជាទូទៅតែប៉ុណ្ណោះ៕