ចិនពិតជាត្រូវការយន្តហោះ Boeing ច្រើនដល់ម្លឹងផងនៅ២០ឆ្នាំខាងមុខ!
(ប៉េកាំង)៖ មន្ត្រីជាន់ខ្ពស់ម្នាក់មកពីក្រុមហ៊ុន Boeing បាននិយាយថា ចិនត្រូវបានគេរំពឹងថានឹងបញ្ជាទិញយន្ដហោះដឹកជញ្ជូនថ្មី ២០០គ្រឿង និងយន្ដហោះដឹកអ្នកដំណើរ ៤៧០គ្រឿង នៅរយៈពេល ២០ឆ្នាំ ខាងមុខទៀតនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៨។

លោក រែនឌី ទិនសិត (Randy Tinseth) អនុប្រធានទីផ្សារពាណិជ្ជកម្មក្រុមហ៊ុន Boeing បានឱ្យដឹងទៀតថា ការបញ្ជាទិញយន្ដហោះបន្ថែមនេះ ដោយសារតែការរីកលូតលាស់ នៃឧស្សាហកម្ម e-commerce នៅក្នុងប្រទេសចិន។ បន្ថែមពីលើនេះក្រុមហ៊ុន Boeing ក៏បានព្យាករណ៍ផងដែរថា យន្ដហោះដឹកជញ្ជូនរបស់ចិននឹងកើនពី ១៨០គ្រឿងក្នុងឆ្នាំ២០១៧ រហូតដល់ ៧៤០គ្រឿងនៅឆ្នាំ២០៣៧។

គួរជម្រាបថា បើតាមស្ថិតិផ្ដល់ដោយអាជ្ញាធរអាកាសចរណ៍ស៊ីវិលចិន ចិនបានដឹកជញ្ជូនទំនិញជាង ៧.០៦លានតោន ឬស្មើនឹង ៥.៦ភាគរយ កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយក្នុងការទ្រទ្រង់វិស័យដឹកជញ្ជូនដ៏ច្រើនធំមហិមាបែបនេះ មានតែក្រុមហ៊ុនយក្សអាមេរិក Boeing នេះប៉ុណ្ណោះទើបអាចបំពេញតាមតម្រូវការទាន់ពេលវេលា។

ដោយឡែកចំពោះក្រុមហ៊ុនផលិតយន្តហោះចិន ដែលទើបលេចពន្លកថ្មីៗក្នុងរយៈពេ់ប៉ុន្មានឆ្នាំចុងក្រោយនេះ គឺនៅតែស្ថិតនៅក្នុងការសាកល្បងនៅឡើយដូចជា C919។ ទោះបីជាបែបនេះ ប្រសិនបើការធ្វើតេស្តចប់រួចរាល់ ក្រុមហ៊ុនផលិតយន្តហោះចិនអាចត្រឹមផលិតយន្តហោះខ្នាតមធ្យម ដើម្បីធ្វើការដឹកជញ្ជូនអ្នកដំណើរក្នុងតំបន់ប៉ុណ្ណោះ ដោយមិនទាន់អាចឈានចូលលំដាប់អន្តរជាតិនោះឡើយ៕

