បើសិនជាអាចម៍ផ្កាយ Chicxulub មកយឺតជាងនេះតែ «៣០វិនាទី» នោះពពួកសត្វដាយណូស័រប្រាកដជាមិន…
(អាមេរិក)៖ កាលពី ៦៦លានឆ្នាំមុន អាចម៍ផ្កាយមួយដែលមានឈ្មោះថា Chicxulub មានមុខកាត់រហូតដល់ទៅ ១០គីឡូម៉ែត្រ បានបុកភពផែនដីពេញមួយទំហំនៅតំបន់ឈូងសមុទ្រក្បែរប្រទេសម៉ិចស៊ីកូសព្វថ្ងៃ ដែលបន្ទាប់ពីការប៉ះទង្គិចនោះ វាបានបង្កឲ្យបរិស្ថានភពផែនដី ប្រែប្រួលទៅជាអាក្រក់បំផុត និងធ្វើឲ្យសត្វដាយណូស័រគ្រប់ប្រភេទត្រូវផុតពូជទាំងកម្រោលតែម្តង។ ប៉ុន្តែបើសិនជាអាចត្រឡប់ក្រោយវិញ ហើយឲ្យអាចម៍ផ្កាយយក្សនោះ មកយឺតជាងនេះតែ ៣០វិនាទី តើនឹងមានរឿងអ្វីកើតឡើង?

មុននឹងឆ្លើយនូវសំណួរដ៏សំខាន់បំផុតនេះ យើងសូមងាកទៅ ៦៦លានឆ្នាំមុនដែលផែនដីកាលណោះ ត្រូវបានរងគ្រោះដោយអាចម៍ផ្កាយ Chicxulub ដែលបណ្តាលឲ្យជីវិតប្រមាណ ៧៥% (គិតទាំងសត្វ និងរុក្ខជាតិ ព្រមទាំងលើដី និងក្នុងទឹក) ត្រូវបានរលំរលាយទាំងនៅពេលអាចម៍ផ្កាយបុកចំផែនដី និងការឆាបឆេះ ព្រមទាំងកម្ទេចកម្ទីរដុំថ្ម-ភ្លើង ដែលខ្ទាតបាចសាចទៅគ្រប់ទិសទី បូកថែមនឹងបរិយាកាសដែលប្រែទៅជាពុល និងអាប់អួរបំផុត អូសបន្លាយក្នុងរយៈពេលសិបឆ្នាំ។

ប្រការនេះដូចបានរៀបរាប់ខាងលើនេះហើយ ទើបធ្វើឲ្យពពួកសត្វដាយណូស័រសាហាវៗទាំងធំទាំងតូច ដែលស៊ីសាច់ និងរុក្ខជាតិជាតិអាហារ ព្រមទាំងរស់នៅលើគោកនោះ ទោះបីជាពួកវាមានសំណាងមានជីវិតរស់នៅ ក្រោយការប៉ះទង្គិចក៏ដោយ ក៏ពួកវាមិនអាចស៊ូទ្រាំទៅនឹងបរិស្ថានដ៏ពិសពុលនៃភពផែនដី ក្រោយពីការប៉ះទង្គិចនោះដែរ។ អ្នកវិទ្យាសាស្ត្រកន្លងមកធ្លាប់បានអះអាងថា ការវិនាសអន្តរាយនេះ គឺមិនមែនដោយសារតែអាចម៍ផ្កាយ Chicxulub ដែលមានទំហំធំធេងនោះឡើយ ប៉ុន្តែគឺដោយសារតែឥទ្ធិពល នៃតំបន់ដែលវាធ្លាក់ចំនោះច្រើនជាង។

តើតំបន់ឈូងសមុទ្រក្បែរប្រទេសម៉ិចស៊ីកូនោះ មានអ្វីខ្លះដែលជាឥទ្ធិពល? ជាការពិតនៅពេលអាចម៍ផ្កាយ Chicxulub បានបុកចំឈូងសមុទ្រម៉ិចស៊ីកូនោះ វាបានបង្កជាការញ័ររញ្ជួយដី និងរលកយក្សស៊ូណាមិដ៏ធំធេងបំផុត ហើយឧស្ម័នបង្កើតចេញពីការប៉ះទង្គិចនោះ បានអណ្តែតឡើងទៅគ្របដណ្តប់ពាសពេញបរិយាកាស នាំឲ្យបរិយាកាសផែនដីប្រែជាត្រជាក់ខ្លាំងបំផុត រហូតដល់ជីវិតធំៗដែលរស់នៅលើគោកដែលមិនអាចរកកន្លែងកក់ក្តៅរស់នៅបាននោះ ត្រូវវិនាសផុតពូជទាំងអស់។

ការសិក្សាពី Nature journal Scientific បានឲ្យដឹងទៀតថា ក្រោយការប៉ះទង្គិច សីតុណ្ហភាពជាមធ្យមរបស់ភពផែនដី គឺបានធ្លាក់ចុះ ០៨អង្សាសេ ហើយអូសបន្លាយរាប់ឆ្នាំឯណោះ ដែលពិតជាត្រជាក់ខ្លាំងណាស់ មិនអាចឲ្យសត្វនៅលើគោករស់នៅបាននោះឡើយ មិនដូចជាមនុស្សក្នុងពេលបច្ចុប្បន្ន ដែលមានទីជម្រក សំលៀកបំពាក់ និងបច្ចេកវិទ្យាសម្រាប់ការពារខ្លួនពីធាតុត្រជាក់ ឬមួយក៏ក្តៅខ្លាំងនោះឡើយ។

ចំណុចសំខាន់បន្ថែមពីខាងលើនេះទៀត គឺតំបន់ដែលត្រូវអាចម៍ផ្កាយបុកចំ ត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញថា ជាតំបន់ផ្ទុកទៅដោយសារធាតុអ៊ីដ្រូកាបូន យ៉ាងច្រើនមហិមាបំផុតលើផែនដី ហើយនៅពេលរងការប៉ះទង្គិចនោះ សារធាតុពុលទាំងនេះបានជះឡើងពាសពេញផ្ទៃអាកាស នៃភពផែនដីយើង។ តំបន់បែបនេះ គឺត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញថា មានតែរង្វង់ ១៣% ប៉ុណ្ណោះនៃផ្ទៃភពផែនដី។

ដូច្នេះបើសិនជាអាចម៍ផ្កាយ Chicxulub នេះមកយឺតជាងពេលធម្មតាចំនួនតែ ៣០វិនាទី វានឹងអាចធ្លាក់មកលើឆ្នេរសមុទ្រ ឬមួយក៏ផ្ទៃដីនៃប្រទេសម៉ិចស៊ីកូ ឬមួយក៏យើងអាចឲ្យឧទាហរណ៍មួយទៀតថា បើសិនជាវាធ្លាក់ចំផ្ទៃដី និងផ្ទៃសមុទ្រ ៨៧ភាគរយទៀត ដែលមិនមែនជាតំបន់ ១៣% ដ៏គ្រោះថ្នាក់ខាងលើនោះ ផែនដីអាចនឹងមិនរងគ្រោះធ្ងន់ធ្ងរនាំឲ្យពពួកសត្វដាយណ័រ ព្រមទាំងជីវិតរហូតដល់ ៧៥% ត្រូវបានវិនាសផុតពូជនោះឡើយ៕ ប្រភព៖ Business Insider

