រុស្ស៊ី និងចិនរួមគ្នាធ្វើសមយុទ្ធយក្សមួយនេះ នាំឲ្យពិភពលោកសម្លឹងមិនព្រិចភ្នែក (រូបភាពខាងក្នុង)
(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ចេញវីដេអូ ធ្វើតេស្ដបាញ់សាកល្បង ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-300 យ៉ាងកក្រើកនៅក្នុងការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ Vostok 2018 ដែលត្រូវបានក្រុមអ្នកជំនាញខ្លះចាត់ទុកថា ជាការធ្វើសមយុទ្ធយោធា ទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន គិតចាប់តាំងពីសម័យសង្រ្គាមមក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៨។
យោងតាមវីដេអូរបស់ក្រសួងការពារជាតិរុស្ស៊ី ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-300 បានបាញ់មីស៊ីល Buk-M1 រាប់សិបគ្រាប់ទៅកាន់គោលដៅ ដែលបានកំណត់នៅអំឡុងសមយុទ្ធយោធា Vostok 2018 ដែលនឹងត្រូវបញ្ចប់នៅថ្ងៃទី១៧ ខែកញ្ញានេះ។ ដោយឡែក ក្រៅតែការធ្វើតេស្ដប្រព័ន្ធមីស៊ីលនេះ កងទ័ពរុស្ស៊ីក៏បានធ្វើការសាកល្បងលើយន្ដហោះចម្បាំង នាវាចម្បាំង ព្រមទាំង ឧទ្ធម្ភាគចក្រ Mi-17 និងប្រព័ន្ធមីស៊ីល Iskander ផងដែរ។
គួរបញ្ជាក់ថា កងទ័ពរុស្ស៊ី ៣០០,០០០នាក់ បានចាប់ផ្ដើមធ្វើសមយុទ្ធយោធា Vostok 2018 តាំងតែថ្ងៃអង្គារនេះមកម្ល៉េះ នៅឯភាគខាងកើតនៃតំបន់ស៊ីបេរី (ភាគខាងត្បូង)។ វាគឺជាសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុត គិតចាប់តាំងពីសម័យសង្រ្គាមត្រជាក់មក និងត្រូវបានធ្វើឡើងចំពេលទីក្រុងម៉ូស្គូ និងអង្គការណាតូរបស់សហរដ្ឋអាមេរិក កំពុងមានភាពតានតឹងគ្នា។
សមយុទ្ធយោធាឈ្មោះ Vostok-2018 នេះក៏មានការចូលរួមពីសំណាក់កងទ័ពចិន ៣,២០០នាក់ ព្រមទាំងកងទ័ពមកពីប្រទេសម៉ុងហ្គោលីមួយចំនួនផងដែរ ហើយក្រៅតែចំនួនកងទ័ពនោះ រថក្រោះ ៣៦,០០០គ្រឿង និងយន្ដហោះចម្បាំងច្រើនជាង ១,០០០គ្រឿង សុទ្ធតែត្រូវដាក់ឲ្យចូលរួមក្នុងសមយុទ្ធយោធា ដ៏សម្បើមនេះចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០១៨។
ទោះបីវាជាការធ្វើសមយុទ្ធទ្រង់ទ្រាយធំមួយក្តី ប៉ូន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ក្រុមអ្នកជំនាញមួយចំនួនមើលឃើញថា ការធ្វើសមយុទ្ធយោធារបស់ទីក្រុងម៉ូស្គូ នៅពេលនេះគឺជាការ ហ្វឹកហាត់ត្រៀមខ្លួនសម្រាប់ជម្លោះ ឬសង្គ្រាមដែលអាចកើតមាននៅក្នុងសតវត្សរ៍ទី២១នេះ ខណៈរុស្ស៊ីកំពុងមានភាពតានតឹងជាមួយអង្គការណាតូ។ បន្ថែមពីនេះវាក៏ជាការទាក់ទាញឲ្យប្រទេសជាច្រើន ចាប់អារម្មណ៍ជាមួយឥទ្ធិពលនៃសព្វារុស្ស៊ី ដែលជាមហាអំណាចយោធាលេខ ២ លើលោកនេះផងដែរ៕