ត្រៀមបើកឡើងវិញហើយ «ឧទ្យានជាតិភ្នំភ្លើងលើកោះហាវ៉ៃ» បន្ទាប់ពីបានរងគ្រោះធម្មជាតិធ្ងន់ធ្ងរ (រូបភាពខាងក្នុង)
(ឡូសអាន់ជែឡេស)៖ ឧទ្យានជាតិភ្នំភ្លើងនៃកោះហាវ៉ៃ ដែលស្ថិតនៅក្នុងដែនដីកោះនៃរដ្ឋហាវ៉ៃសហរដ្ឋអាមេរិក នាកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិកនោះ ទីបំផុតត្រូវបានបើកឲ្យដំណើរវិញហើយ បន្ទាប់ពីរយៈពេលបួនខែនៃការរងគ្រោះរញ្ជួយដី និងបន្ទុះភ្នំឡើង ដែលបានបង្កវិនាសកម្មធំធេងកម្រមាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៨។
នៅក្នុងទំព័រ Facebook ផ្លូវការរបស់ឧទ្យានខាងលើនេះបានបង្ហោះយ៉ាងដូច្នេះថា «យើងកំពុងរៀបចំដើម្បីបើកដំណើរការឡើងវិញ នៅថ្ងៃទី២២ ខែកញ្ញាខាងមុខនេះ»។ បន្ថែមពីដំណឹងនេះ ផ្នែកគ្រប់គ្រងឧទ្យានក៏បានបង្ហាញនូវផែនទីផងដែរ ដែលបង្ហាញពីតំបន់ ក៏ដូចជាផ្លូវចូលឧទ្យាន ដែលនឹងត្រូវអនុញ្ញាតឲ្យធ្វើដំណើរ និងចូលកម្សាន្តឡើងវិញ ហើយថ្ងៃទី២២ ខែកញ្ញានេះ គឺចំថ្ងៃបុណ្យជាតិមួយរបស់សហរដ្ឋអាមេរិកផងដែរ នោះគឺ «ទិវាដីសាធារណជាតិសហរដ្ឋអាមេរិក»។
បន្ថែមពីខាងលើនេះ តំបន់ដែលមិនត្រូវបានបង្ហាញនៅក្នុងផែនទីនោះ គឺមានន័យថា វានៅតែបន្តបិទជាបណ្តោះអាសន្ន ព្រោះតំបន់ទាំងនោះនៅតែស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់នៅឡើយ។ ក៏មានសេចក្តីព្រមានផងដែរពីឧទ្យានខាងលើ នោះគឺគេបានតំបន់ភ្នំភ្លើងសំខាន់ កាឡូអៀ (Kilauea) ដែលជាកន្លែងធ្លាប់ស្វាគមន៍ទេសចរនោះ គឺបច្ចុប្បន្ននៅតែបន្តស្ថិតក្រោមឥទ្ធិពលនៃកម្លាំងធម្មជាតិ ដែលមិនអាចព្យាករណ៍បាន ដូច្នេះហើយវានឹងបន្តបិទទ្វារដដែល មិនអាចស្វាគមន៍ទេសចរបានឡើយ។
គួរបញ្ជាក់ថា ដោយសារតំបន់ខាងលើនេះមិនទាន់មានស្ថិរភាព និងធ្លាប់ទទួលរងគ្រោះធម្មជាតិដ៏អាក្រក់នោះ រថយន្ត និងមនុស្សសរុបក្នុងទម្ងន់លើសពី ៦,៧៥០គីឡូក្រាម មិនត្រូវអនុញ្ញាតឲ្យចូលក្នុងឧទ្យាននោះឡើយ នៅពេលដែលវាបើកដំណើរការឡើងវិញនៅថ្ងៃទី២២ ខែកញ្ញា។ ភ្នំភ្លើង កាឡូអៀ បានផ្ទុះឡើងកាលពីអំឡុងខែឧសភា ដែលធ្វើតំបន់ពីរភាគបី នៃឧទ្យានទាំងមូលត្រូវរងគ្រោះ និងបិទជាបណ្តោះអាសន្ន ព្រមទាំងបង្កការខាតបង់រហូតដល់ ២០០លានដុល្លារអាមេរិកទៀតផង៕