នេះហើយជាព្យុះកំណាច Florence មើលពីទីអវកាស ដែលវាយលុកអាមេរិកយ៉ាងដំណំ (រូបភាពខាងក្នុង)
(វ៉ាស៊ីនតោន)៖ អង្គការ NASA បានបង្ហាញនូវរូបភាព ពីទីអវកាសដែលបង្ហាញអំពីព្យុះហឺរីខិន Florence ដ៏កំណាចដែលបាន និងកំពុងវាយប្រហារបណ្តារដ្ឋ នៃឆ្នេរភាគខាងកើតសហរដ្ឋអាមេរិក ហើយព្យុះនេះបើមើលពីទីអវកាសដ៏ស្ងប់ស្ងាត់ទៅ វាប្រៀបបីដូចជាខ្យល់កួចពពកយ៉ាងខ្លាំងក្លាបំផុត នៅផ្នែកមួយចំហៀងនៃភពផែនដី។ នេះបើតាមការចេញផ្សាយដោយ វែបសាយ Space នារសៀលថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា ឆ្នាំ២០១៨។
មនុស្សសរុប១១នាក់ហើយបានស្លាប់ ដោយសារតែព្យុះហឺរីខិន Florence ដែលបាននិងកំពុងវាយប្រហារបណ្តារដ្ឋ ស្ថិតនៅតំបន់ឆ្នេរភាគខាងកើតសហរដ្ឋអាមេរិក ខណៈអាជ្ញាធរអះអាងថា ភ្លៀងលាយឡំជាមួយខ្យល់បោកបក់យ៉ាងសន្ធប់ កំពុងតែអុកឡុកពាសពេញក្នុងតំបន់នេះតែម្តង។
ព្យុះហឺរីខិន Florence ដែលត្រូវបានចាត់ចូលក្នុងកម្រិត ១ នោះ បានមកដល់តំបន់ឆ្នេរភាគខាងកើតសហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃសុក្រ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) ហើយបន្ទាប់មកក៏បានថយឥទ្ធិពលមកត្រឹមព្យុះត្រូពិចវិញ ដែលបានបង្កការបំផ្លិចបំផ្លាញយ៉ាងដំណំ នៅរដ្ឋចំនួនពីរគឺ North Carolina និង South Carolina ដូចជាការបាក់ដើមឈើ អគារ-លំនៅឋានបាក់រលំ ប្រជាជនជាច្រើនត្រូវជាប់គាំង និងអគារ-លំនៅឋានជាច្រើនខ្នងគ្មានអគ្គិសនីប្រើប្រាស់នោះឡើយ មកទល់នឹងថ្ងៃសៅរ៍ (ម៉ោងនៅវ៉ាស៊ីនតោន)។
គួរបញ្ជាក់ថា ព្យុះកំណាច Florence បានបង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសទៅរកកន្លែងមានសុវត្ថិភាព ខណៈលំនៅឋានសរុបក៏ជាង ១លានខ្នងដាច់គ្មានអគ្គិសនីប្រើប្រាស់។ ភ្លៀងធ្លាក់យ៉ាងសន្ធប់នៅតែបន្តកើតមាន ដែលកំពុងបង្កជាគ្រោះទឹកជំនន់ និងការរអិលបាក់ដីនៅតាមតំបន់មួយចំនួនក្នុងរដ្ឋទាំងពីរខាងលើនេះ។
បន្ថែមពីនេះទៀត បណ្តារដ្ឋមួយចំនួនដូចជា Georgia, South Carolina, North Carolina, Virginia និង Maryland, ក៏ដូចជារដ្ឋធានី Washington D.C. ផងដែរប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ដោយសារតែព្យុះហឺរីខិនកំណាច Florence នេះ៕