ទីក្រុងភ្នំពេញកំពុងអភិវឌ្ឍន៍ស្ទើរតែមើលលែងស្គាល់ ដោយសារតែការវិនិយោគរបស់ចិន!
(ញូយ៉ក)៖ រាជធានីភ្នំពេញនៃប្រទេសកម្ពុជា បច្ចុប្បន្នហាក់កំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សបំផុតក្នុងវិស័យអចលនទ្រព្យ ដោយសារតែការជះលុយវិនិយោគដូចទឹកបាក់ទំនប់ពីប្រទេសចិន ហើយទិដ្ឋភាពក្នុងទីក្រុងពេលនេះ បានធ្វើឲ្យអ្នកធ្លាប់មកទស្សនាភ្នំពេញកាលពីប៉ុន្មានឆ្នាំមុន ចំណាំទីក្រុងនេះលែងបានតែម្តង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Bloomberg ដែលត្រូវបានដកស្រង់នៅព្រឹកថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨។
ជនបរទេសមួយចំនួន ដែលបានធ្វើដំណើរទស្សនកិច្ចនៅទីក្រុងភ្នំពេញបានលើកឡើងថា ទីក្រុងដែលធ្លាប់ស្ថិតក្រោយអាណានិគមបារាំង និងមានសល់ដាននៃសំណងចាស់ៗនៃសម័យបារាំងគ្រប់គ្រង ព្រមទាំងសម័យសង្គមរាស្ត្រនិយមនៃទសវត្សរ៍ ១៩៦០ នោះ ពេលនេះត្រូវបានជំនួសមកវិញនូវអគារប្រណិត និងខ្ពស់កប់ពពក។ «ដំណើរការអភិវឌ្ឍនេះពិតជាមិនគួរឲ្យជឿនោះឡើយ…។ អគារ និងខុនដូរីកដុះដាលពេលនេះ គឺច្រើនលើសពីតម្រូវការទៅហើយ…។ សំណង់បុរាណៗ ត្រូវបានជំនួសមកវិញដោយខុនដូខ្ពស់ៗថ្លៃៗ…»។ នេះបើតាមសម្តីលោកស្រី Ross Wheble ប្រធានក្រុមហ៊ុន Knight France អន្តរជាតិ។
នៅពេលប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានទៅធ្វើទស្សនកិច្ចនៅទីក្រុងភ្នំពេញ កាលពីខែតុលា ឆ្នាំ២០១៦ ដើម្បីពង្រីកគម្រោងខ្សែក្រវាត់ និងផ្លូវរបស់លោកនោះ មហាយក្សលេខ ១ នៅអាស៊ីនេះបាននាំយកមកជាមួយ នូវវិនិយោគិនជាង ២០០នាក់ ដែលមានចំណាប់អារម្មណ៍ជាខ្លាំង ក្នុងការសាងសង់អគារខ្ពស់ៗជាមួយទឹកប្រាប់រាប់ពាន់លានដុល្លារ ឲ្យដុះត្រដែតឡើងនៅក្នុងរាជធានី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងគម្រោងអចលនទ្រព្យយ៉ាងច្រើនសន្ធឹកសន្ធាប់របស់ចិន ក៏រួមមានការកសាងអគារពាណិជ្ជកម្មភ្លោះកម្ពស់ ១៣៣ជាន់ តម្លៃ ២.៧ពាន់លានដុល្លារ ដែលនឹងត្រូវចាត់ទុកជាអគារដ៏ខ្ពស់បំផុតមួយ នៅលើពិភពលោកផងដែរ។ ពេលនេះទីក្រុងរបស់កម្ពុជាកំពុងតែស្ថិតនៅក្នុងតំណាក់នៃការអភិវឌ្ឍអចលនទ្រព្យ ដែលលឿនបំផុតនៅលើសកលលោក ហើយយើងត្រូវអរគុណដល់វិនិយោគិនចិន និងអតិថិជនក៏ជាចិន។
ទន្ទឹមនឹងនេះ សំណង់អគារខ្ពស់នៅក្នុងរាជធានីភ្នំពេញ កំពុងតែបន្តរីកសុះសាយកាន់តែច្រើនថែមទៀត ខណៈកាលពីនៅមុនឆ្នាំ២០១១ ទីក្រុងនេះពុំមានសំណង់អគារណា ដែលមានកម្ពស់លើសពី ១៥ជាន់នោះឡើយ ហើយក្រុមហ៊ុន និងអាជីវកម្មភាគច្រើន បានប្រកបមុខជំនួញចេញពីអគារទាបធម្មតាៗប៉ុណ្ណោះ។ អ្វីដែលគេបានដឹងនោះ គឺប្រជាជនខ្មែរភាគតិចណាស់ ដែលមានលទ្ធភាពនៅក្នុងការទិញខុនដូប្រណិតៗ ឬអគារលំនៅដ្ឋាន និងអាជីវកម្មលំដាប់ខ្ពស់។
បើតាមការចេញផ្សាយដោយ Bloomberg ឧទាហរណ៍ជាច្រើននៅប្រទេសស្រីលង្កា និងបណ្តាប្រទេសអាហ្វ្រិកមួយចំនួនទៀត បានធ្វើឲ្យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad កាលពីខែមុននេះ ចេញសេចក្តីព្រមានជាសាធារណៈអំពីការដាក់អាណានិគមបែបថ្មី របស់ជនជាតិចិនមកលើបណ្តាប្រទេសមួយចំនួន ជាពិសេសគឺការពង្រីការវិនិយោគ និងអនុញ្ញាតឲ្យជនជាតិខ្លួនមករស់នៅយ៉ាងច្រើនកុះករតែម្តង។
ហេតុដូច្នេះទើបលោក Mahathir បានដាក់ចេញនូវបម្រាមមិនឲ្យជនបរទេសក្រៅពីជនជាតិម៉ាឡេស៊ី ទិញនូវអចលនទ្រព្យពីគម្រោងអភិវឌ្ឍន៍ទីក្រុងព្រៃឈើជាប់ឆ្នេរសមុទ្រតម្លៃ ១០០ពាន់លានដុល្លាររបស់ចិន ដែលត្រូវបានចុះកិច្ចព្រមព្រៀងកាលពីជំនាន់អតីតនាយករដ្ឋមន្ត្រីលោក ណាជីប នោះឡើយ។ ប៉ុន្តែក្រោយមកទៀតដោយសារតែការធ្វើនោះ នឹងនាំឲ្យប៉ះពាល់ដល់គំរោងខាងលើនេះជាខ្លាំង ទើបលោក Mahathir បានបន្ធូរបន្ថយ ដោយអនុញ្ញាតឲ្យជនបរទេសអាចទិញបានដដែល ប៉ុន្តែអាជ្ញាធរម៉ាឡេស៊ី នឹងមិនផ្តល់ទិដ្ឋាការនោះឡើយ៕