ដើម្បីឲ្យសមឈ្មោះជាផលិតផលក្នុងស្រុកនោះ សូម្បីតែកង់យន្តហោះ C919 ក៏ត្រូវផលិតនៅក្នុងប្រទេសចិនដែរ!
(ប៉េកាំង)៖ កង់ដំបូងបំផុតដែលផលិតឡើងក្នុងប្រទេសចិនផ្ទាល់ សម្រាប់យន្តហោះដឹកអ្នកដំណើរធុនធំ C919 ត្រូវបានប្រគល់ទៅឲ្យក្រុមហ៊ុនផលិតយន្តហោះនេះ ក្រោយពីបានឆ្លងកាត់ការធ្វើតេស្តយ៉ាងហ្មត់ចត់ ជាច្រើនលើកដោយជោគជ័យ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៨។
កង់សម្រាប់ចុះចតទាំងមុខទាំងក្រោយ ដែលចិនផលិតឡើងក្នុងស្រុកនេះ បានឆ្លងកាត់ធ្វើសាកល្បងជាច្រើនលើកច្រើនសា មុនពេលត្រូវបានប្រគល់ទៅឲ្យក្រុមហ៊ុន COMAC ដែលជាអ្នកអភិវឌ្ឍន៍យន្តហោះ C919 ដោយពួកវាត្រូវបានផលិតឡើង ដោយក្រុមហ៊ុនចិន-អាល្លឺម៉ង់ Liebherr LAMC Aviation ដែលមានទីតាំងនៅក្រុង ឆាងសា (Changsha) នៃខេត្ត ហ៊ូណាន (Hunan) ភាគកណ្តាលប្រទេសចិន ដែលមានឯកទេសខាងអភិវឌ្ឍន៍ប្រព័ន្ធកង់ចុះចត សម្រាប់គម្រោងផលិតយន្តហោះរបស់ចិន។
គួរជម្រាបថា កម្មវិធីនៃការអភិវឌ្ឍយន្តហោះ C919 បានចាប់ផ្តើមកាលពីឆ្នាំ២០០៨ ហើយដំណើរការផលិតយន្តហោះសាកល្បងដំបូង បានប្រព្រឹត្តទៅកាលពីចុងឆ្នាំ២០១១ ខណៈយន្តហោះនេះបានចេញជារូបរាង នៅខែវិច្ឆិកា ឆ្នាំ២០១៥ និងហោះហើរធ្វើតេស្តលើអាកាសជាលើកដំបូង កាលពីខែឧសភា ឆ្នាំ២០១៧។
កាលពីខែកក្កដាកន្លងទៅនេះ យន្តហោះ C919 គ្រឿងទី ២ ទើបតែបានធ្វើការហោះហើរផ្លូវឆ្ងាយថែមទៀត ហើយនាពេលកន្លងទៅ ក្រុមហ៊ុនទាំងក្នុងស្រុក និងអន្តរជាតិក៏បានកក់ទិញយន្តហោះប្រភេទនេះ រាប់រយគ្រឿងរួចទៅហើយដែរ៕