រកឃើញមូលហេតុ៖ មនុស្សជាអ្នកធ្វើឲ្យអ័ក្សផែនដី ល្អៀង១០.៥ម៉ែត្របន្ថែមទៀត!
(អាមេរិក)៖ ផែនដីត្រូវបានអ្នកវិទ្យាសាស្រ្តដឹង តាំងតែពីយូរណាស់មកហើយថា បាននិងកំពុងធ្វើចលនាមិនស្មើនោះឡើយ នៅក្នុងចលនាវង្វិលខ្ចាល់ (វិលជុំវិញខ្លួនឯង) ហើយនាពេលនេះមូលហេតុថា បណ្តាលមកពីអ្វីនោះត្រូវបានរកឃើញហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space នៅរសៀលថ្ងៃអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨។

មូលហេតុមួយចំនួននៃបាតុភូតខាងលើ គឺមានជាប់ពាក់ព័ន្ធជាមួយនឹងសកម្មភាពរបស់មនុស្សយ៉ាងពិតប្រាកដ។ គិតចាប់តាំងពីឆ្នាំ១៨៩៩ អ័ក្សនៃរង្វិលជុំរបស់ផែនដីបានប្រែប្រួលក្នុងប្រវែងប្រហែល ១០.៥ម៉ែត្រ ហើយនាពេលនេះអ្នកវិទ្យាសាស្រ្ត បានរកឃើញថា មួយផ្នែកគឺដោយសារតែការរលាយនៃផ្ទាំងទឹកនៅតំបន់ប៉ូល បូកជាមួយការកើនលើកកម្ពស់នីវ៉ូទឹកសមុទ្រ ជាពិសេសនៅតំបន់កោះ Greenland (កោះទឹកកកធំជាងគេលើផែនដី ដែលកម្មសិទ្ធិរបស់ប្រទេសដាណឺម៉ាក និងស្ថិតនៅជាប់តំបន់ភាគឦសានប្រទេសកាណាដា) របស់តែម្តង។

មួយទៀតគឺដោយសារតែការកើនឡើងទម្ងន់ដីទៅភាគខាងជើង ខណៈដែលផ្ទាំងទឹកកធំៗប្រមូលផ្តុំខ្លួនវាវិញ នៅពេលមានការលាយ។ ចុងក្រោយគឺទាក់ទងជាមួយស្រទាប់ Mantle ដែលជាស្រទាប់កណ្តាលរបស់ផែនដី ដែលមានចលនាប្រែប្រួល ធ្វើឲ្យប៉ះពាល់ដល់លំនឹងនៃអ័ក្សរបស់ភពផែនដី ធ្វើឲ្យផែនដីយើងល្អៀងអ័ក្សទៅរកព្រះអាទិត្យរហូតដល់ទៅជាង ១០ម៉ែត្រ បន្ថែមទៀត។

គួរជម្រាបថា អ្នកវិទ្យាសាស្រ្តបានដឹងយូរមកហើយថា របាយនៃទម្ងន់នៅជុំវិញផែនដី ស្ថិតក្រោមការកំណត់នៃរង្វិលជុំរបស់វា ហើយរង្វិលជុំរបស់ផែនដី គឺពុំមានភាពស្មើគ្នាឥតខ្ចោះនោះឡើយ បើតាមអ្នកវិទ្យាសាស្រ្តដឹង ដោយសារតែការប្រែប្រួលនៅក្នុងចលនានៃផ្កាយនៅលើផ្ទៃមេឃ ដែលត្រូវបានកត់ត្រាទុក អស់រយៈពេលរាប់ពាន់ឆ្នាំកន្លងមកនេះ។

ម៉្យាងវិញទៀតចាប់ពីទសវត្សរ៍ទី៩០មក ការវាស់វែងនៅលើទីអវកាស ក៏បានបញ្ជាក់ផងដែរថា អ័ក្សរង្វិលជុំរបស់ផែនដី បានប្រែប្រួលជារៀងរាល់ឆ្នាំ ដោយជាទូទៅគឺឆ្ពោះទៅតំបន់ ឈូងសមុទ្រហូដសុន (Hudson Bay) នៅភាគឦសានកាណាដា (ព័ទ្ធជុំវិញដោយតំបន់ថ្មចំណាស់បំផុត នៅលើភពផែនដី)។

រំលឹកមេរៀន៖ ផែនដីមានចម្ងាយ ១៥០លានគីឡូម៉ែត្រពីព្រះអាទិត្យ (ជាគន្លងត្រឹមត្រូវ ដែលអ្នកវិទ្យាសាស្ត្រចាប់យកជាឧទាហរណ៍ ដើម្បីស្វែងរកពិភពភពផ្សេងៗទៀត ដែលអាចមានជីវិត)។ ផែនដីមានកាំប្រវែង ៦,៤០០គីឡូម៉ែត្រ និងបរិយាកាសគិតពីស្រទាប់ក្រោមបំផុត រហូតដល់មណ្ឌលមេសូ គឺមានកម្ពស់ជាង ៨០គីឡូម៉ែត្រ ប៉ុន្តែសម្រាប់ស្រទាប់អូហ្សូន គឺស្ថិតនៅក្នុងរយៈកម្ពស់ជិត ៥០គីឡូម៉ែត្រពីផ្ទៃដី។

ផែនដីវិលជុំវិញខ្លួនឯងក្នុងរយៈពេល ២៣ម៉ោង ៥៦នាទី និង ០៤វិនាទីក្នុងមួយជុំ ក្នុងល្បឿន ១,៦០០គីឡូម៉ែត្រក្នុងមួយម៉ោង។ ដោយឡែកផែនដីគោចរជុំវិញព្រះអាទិត្យ ក្នុងល្បឿន ៣០គីឡូម៉ែត្រក្នុងមួយវិនាទី ស្មើនឹង ៣៦៥.២៥៦ថ្ងៃ (មួយឆ្នាំ) ឬចម្ងាយធ្វើគោចរមួយជុំ ៩៤០លានគីឡូម៉ែត្រ។ បន្ថែមពីនេះទៀត ផែនដីមានផ្ទៃគ្របដណ្តប់ដោយទឹក ៧១ភាគរយ (៩៦.៥ភាគរយជាទឹកប្រៃ) និង២៩ភាគរយជាផ្ទៃដី៕

