រុក្ខជាតិតែមួយគត់នៅប៉ូលខាងត្បូងផែនដី កំពុងរងការគំរាមកំហែងដោយការឡើងកម្តៅសកល (រូបភាពខាងក្នុង)
(ឡុងដ៍)៖ បម្រែបម្រួលអាកាសធាតុ ដែលជាបញ្ហាដ៏ក្តៅគគុកមួយនៅលើពិភពលោក ត្រូវបានអ្នកវិទ្យាសាស្រ្តអះអាងថា កំពុងតែបង្កការបំផ្លិចបំផ្លាញ វាលរុក្ខជាតិស្លែដ៏ចំណាស់នៅតំបន់ទឹកកកអង់តាកទិច។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅល្ងាចថ្ងៃអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨។
ការអះអាងខាងលើ ត្រូវបានសន្និដ្ឋានឡើងដោយផ្អែកទៅលើការសិក្សា ដែលចំណាយពេលជាង ០១ទសវត្សរ៍ ហើយលទ្ធផលរកឃើញបានបង្ហាញថា តំបន់រុក្ខជាតិនៅអង់តាកទិកភាគខាងកើត កំពុងតែមានការប្រែប្រួលយ៉ាងឆាប់រហ័ស ដោយសារតែអាកាសធាតុដែលកាន់តែក្តៅទៅៗ។
នៅពេលលឺពាក្យថា «អង់តាកទិក» អ្នកទាំងអស់គ្នាច្បាស់ជារំពឹងពីទស្សនីយភាពនៃផ្ទាំងទឹកកកពណ៌សតែមួយមុខប៉ុណ្ណោះ ប៉ុន្តែនៅតាមតំបន់ខ្លះក៏មានវត្តមានរុក្ខជាតិបៃតងផងដែរ ដោយពួកវាជាប្រភេទស្លែ ដែលផុសឡើងចេញពីក្រោមព្រិលទឹកកកទាំងនោះ សម្រាប់អំឡុងពេលប្រហែលជា ០៦សប្តាហ៍ ពោលគឺមួយរដូវកាលរបស់វា។
ខណៈតំបន់អង់តាកទិកខាងលិច និងឧបទ្វីបអង់តាកទិក ស្ថិតក្នុងចំណោមកន្លែងកើនឡើងកម្តៅលឿនបំផុតនៅលើផែនដី តំបន់អង់តាកទិកខាងកើត នៅមិនទាន់ទទួលរងឥទ្ធិពលខ្លាំងពី ការកើនឡើងកម្តៅអាកាសធាតុ នៃផែនដីនៅឡើយទេ។ ដូច្នេះហើយ អ្នកវិទ្យាសាស្រ្តមិនបានរំពឹងនោះទេថា នឹងឃើញមានការប្រែប្រួលខ្លាំង នៃរុក្ខជាតិនៅទីនោះ។ ប៉ុន្តែក្រោយទទួលបានលទ្ធផលនៃការសិក្សាខាងលើ អ្នកស្រាវជ្រាវ មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលពួកគេមើលឃើញថា វាមានការប្រែប្រួលលឿនកម្រិតណា។
គួរជម្រាបថា គិតចាប់តាំងពីឆ្នាំ២០០០មក អ្នកវិទ្យាសាស្រ្តបានសង្កេតឃើញថា វាលស្លែនៅតំបន់អង់តាកទិច បានប្រែប្រួលពីពណ៌បៃតទៅជាពណ៌ក្រហម ហើយអាចទៅជាពណ៌ប្រផេះ ប្រសិនបើពួកវាទទួលរងឥទ្ធិពលធ្ងន់ធ្ងរកាន់តែខ្លាំង។ ការប្រែពណ៌ទៅជាក្រហម គឺជាលទ្ធផលនៃការផលិតសារធាតុការពារខ្លួនរបស់ពួកវា ហើយនៅពេលឈានដល់ពណ៌ប្រផេះមានន័យថា ពួកវានឹងងាប់ឆាប់ៗ។
បន្ថែមពីនេះអ្នកវិទ្យាសាស្រ្តបានរកឃើញភស្តុតាងបញ្ជាក់ទៀតថា ការប្រែប្រួលនៅតំបន់អង់តាកទិកខាងកើត គឺបណ្តាលមកពីឥទ្ធិពលរួមគ្នានៃបម្រែបម្រួលអាកាសធាតុ និងការបាត់បង់ស្រទាប់ការពារអូហ្សូនរបស់ផែនដី ដែលហេតុបង្កឲ្យពន្លឺអាក្រក់ៗពីព្រះអាទិត្យ អាចគំរាមកំហែងទៅតំបន់ប៉ូលខាងត្បូងរបស់ផែនដី៕