ដុតកម្លោចចិន? អាមេរិក​បញ្ជូនអាទម្លាក់​គ្រាប់បែក B-52 រហូត​ដល់​០៤គ្រឿង ឲ្យហោះឆ្វែល​សមុទ្រចិន​ខាងត្បូង!

172

 

(ប៉េកាំង)៖ សហរដ្ឋអាមេរិក​បានបញ្ជូនយន្ដហោះ​ទម្លាក់គ្រាប់បែក B-52 ជាច្រើនគ្រឿង​ទៅហោះឆ្វែលពីលើ​តំបន់សមុទ្រចិនខាង​ត្បូង ជាទីដែលចិន និងបណ្ដា​ប្រទេសមួយចំនួននៅ​ក្នុងអាស៊ីអាគ្នេយ៍​ កំពុងមានជម្លោះ​នឹងគ្នា ហើយសកម្មភាព​ជារឿយៗនេះ ត្រូវបាន​ទីក្រុងប៉េកាំងចាត់ទុកថា​ ជាចេតនា​បង្ករឿង។ នេះបើមន្ត្រី​យោធាជាន់ខ្ពស់​អាមេរិកម្នាក់ ដកស្រង់ដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៨។

យោងតាមវរសេនីយ៍ឯក​អាមេរិក លោក ដេវ អ៊ីសប៊ឺដ (Dave Eastburn) យន្ដហោះទម្លាក់​គ្រាប់បែក B-52 ចំនួន ០៤គ្រឿង បានធ្វើប្រតិបត្តិការ ហោះហើរនៅលើ​តំបន់សមុទ្រចិនខាងត្បូង​កាលពីថ្ងៃចន្ទ មុននឹងបន្តដំណើរ​ទៅកាន់តំបន់សមុទ្រចិន​ខាងកើត កាល​ពីថ្ងៃអង្គារ​សប្ដាហ៍នេះ។

 

ថ្លែងប្រាប់ Reuters នៅថ្ងៃពុធ​សប្ដាហ៍នេះ លោក Eastburn បានគូស​បញ្ជាក់ដូច្នេះថា «យន្ដហោះ​ទម្លាក់​គ្រាប់បែក B-52 បានចូលរួមក្នុង​ប្រតិបត្តិការហោះហើរ​ជាទម្លាប់ ដែលជាផ្នែកមួយ​នៃការពង្រឹងការយកចិត្ត​ទុកដាក់របស់យើង និងសមត្ថភាព​អន្តរសហប្រតិបត្តិការ ​ជាមួយសម្ព័ន្ធមិត្ត​របស់យើង​នៅក្នុងតំបន់»។

គួរជម្រាបថា បើតាមទីភ្នាក់ងារ​សារព័ត៌មាន Reuters យន្តហោះ B-52 ចំនួន០៤គ្រឿង ក៏ត្រូវបានអមផងដែរដោយយន្ដហោះចម្បាំង​ជប៉ុន ជាច្រើនគ្រឿង ទៅកាន់ទី​ប្រជុំកោះ តាវយុ (Diaoyu) នៃតំបន់សមុទ្រចិនខាងកើត​ ជាទីដែលចិន និងជប៉ុន​កំពុងមានជម្លោះ​ដែនទឹកនឹងគ្នា។

ក៏ប៉ុន្តែ​នៅពេលត្រូវសាកសួរ​ពីអ្នកសារព័ត៌មាន រដ្ឋមន្ត្រីការពារជាតិ​អាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) អះអាងថា ប្រតិបត្តិការហោះហើរ​របស់​យន្ដហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក ធ្វើឡើងជាទម្លាប់​​តាមធម្មតាប៉ុណ្ណោះ រីឯលោក Eastburn ក៏អះអាងដែរថា យោធា​អាមេរិក​នឹងបន្តធ្វើប្រតិបត្តិការ​ហោះហើរ និងនាវាចរនៅគ្រប់ទី​កន្លែង​ទាំងអស់ដែលច្បាប់អន្តជាតិ​​អនុញ្ញាត និងជាទីកន្លែង​​ដែលអាមេរិក ជ្រើសរើស៕

480×240 Banner