ព្រលឹងព្រលះចូលមកវិញ! យន្តហោះ​ប៉ាពួញូហ្គីណេ​ជ្រុលចង្កូត ធ្លាក់ចូល​ក្នុងសមុទ្រ​តែម្តង (រូបភាពខាងក្នុង)

139

 

(ប៉ាពួញូហ្គីណេ)៖ យន្តហោះដឹក​អ្នកដំណើរមួយគ្រឿង មកពីប្រទេស​ប៉ាពួញូហ្គីណេ បានជួបឧប្បដិហេតុ​នៅពេល​ព្យាយាមចុះចត​ នៅឯអាកាសយានដ្ឋានអន្តរជាតិ ឈូអ៊ុក (Chuuk) នៅក្នុងដែនកោះ មីក្រូនេស៊ី (Micronesia) នៃតំបន់ប៉ាស៊ីហ្វិកខាងលិច ដោយវាបាន​ជ្រុលចង្កូតទៅហួសផ្លូវចុះចត រួចធ្លាក់ចូល​ទៅក្នុង​ផ្ទៃសមុទ្រ​តែម្តង។ នេះបើតាម​ការចេញផ្សាយ​ដោយ BBC នៅមុននេះបន្តិច នាព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨។

រូបភាពបានបង្ហាញថា យន្តហោះដឹកអ្នក​ដំណើរធុនបង្គួរមួយគ្រឿង ជារបស់​អាកាសចរណ៍ នីអ៊ូហ្គីនី (Air Niugini) មានជើង​ហោះហើរ ANG73 មកពីប្រទេស​ប៉ាពួញូហ្គីណេ បានធ្លាក់ចូលទៅ​ក្នុងដែនទឹកនៅក្បែរ​ព្រលានយន្តហោះ តែសំណាង​ល្អអ្នកដំណើរទាំង ៣៥នាក់ និងក្រុមអ្នកបម្រើ​ការងារលើនោះ ១២នាក់ មិនបាន​ទទួលរងរបួស​អ្វីធ្ងន់ធ្ងរ​នោះឡើយ។

គួរបញ្ជាក់ថា មូលហេតុដែលបង្កគ្រោះថ្នាក់​ខាងលើនេះ មិនទាន់​ត្រូវបានបញ្ជាក់​នោះឡើយ ប៉ុន្តែការស៊ើបអង្កេត​កំពុងចាប់ផ្តើមហើយ។ សម្រាប់​នៅ​ក្រោយ​​ពេល​កើតហេតុ​នាព្រឹក​ថ្ងៃព្រហស្បតិ៍នេះ យន្តហោះ​​ប្រភេទ Boeing 737-800 ត្រូវបានគេ​ឃើញស្ថិតនៅ​ចម្ងាយជិត ១៥០ម៉ែត្រ ពីផ្លូវចុះចត​របស់ព្រលាន អំឡុងពេល​ដែលផ្ទៃមេឃកំពុង​អាក្រក់ខ្លាំង។ អ្នកដំណើរមួយចំនួនបានរងរបួស និងត្រូវបាន​បញ្ជូន​ទៅមន្ទីរពេទ្យ ដោយសារតែការមុត​នឹងអម្បែងកញ្ចក់បង្គួច​យន្តហោះ៕

480×240 Banner