ចូរប្រយ័ត្ន! ក្រុម Hackers កំពុងលុកលុយ Facebook ទៀតហើយ ខណៈគណនីអ្នកប្រើប្រាស់៥០លាននាក់ជួបបញ្ហា!
(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Facebook បានឱ្យដឹងថា ក្រុម Hackers បានលុកលុយចូលប្រព័ន្ធ login codes ដោយអនុញ្ញាតពួកគេគ្រប់គ្រងគណនីរបស់អ្នកប្រើប្រាស់ជិត ៥០លាននាក់ ហើយដែលនេះគឺជាការបែកធ្លាយទិន្នន័យដ៏អាក្រក់ចុងក្រោយបំផុត របស់ក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមដ៏ធំមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨។
ក្រុមហ៊ុន Facebook ដែលមានអ្នកប្រើប្រាស់ជិត ២.២ពាន់លាននាក់ បានបញ្ជាក់ទៀតថា ខ្លួនមិនទាន់អាចកំណត់បានថា តើក្រុម Hackers បានប្រើបា្រស់មិនត្រឹមត្រូវ ឬក៏លួចទិន្នន័យពីគណនីឯកជនដែលពួកគេបាន Hack នៅឡើយទេ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនយក្សមួយនេះ ក៏ទាន់អាចបញ្ជាក់ពីអត្តសញ្ញាណក្រុម Hackers ក៏ដូចជាទីតាំងរបស់ពួកគេ ឬក៏ជនរងគ្រោះនោះទេ ខណៈភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះអស់ ២.៦ភាគរយ កាលពីថ្ងៃសុក្រនៅផ្សារហ៊ុន Wall Street។
ទោះបីជាយ៉ាងនេះក្ដី Facebook បានសន្និដ្ឋានជំហានបឋមថា ក្រុម Hackers អាចប្រើប្រាស់កម្មវិធី View As ឬក៏តាមរយៈកម្មវិធី ព្រមទាំងវែបសាយណា ដែលម្ចាស់គណនីប្រើប្រាស់ភ្ជាប់ជាមួយ Facebook។ នៅក្នុងបញ្ហានេះ គណនីរបស់អ្នកប្រើប្រាស់មួយចំនួន នៅទូទាំងសកលលោកត្រូវបាន Log out ដោយឯកឯងដោយខ្លះត្រូវបាន Facebook តម្រូវឲ្យ Log in ឡើងវិញ ហើយមួយចំនួនទៀតនៅមានបញ្ហាមិនអាច Log in បានឡើយ៕