ព្យុះទីហ្វុងកំណាចកំពុងវាយលុកជប៉ុន ដោយមើលពីទីអវកាសពិតជាគួរឲ្យញញើត! (រូបភាពខាងក្នុង)
(តូក្យូ)៖ រូបភាព ដែលអវកាសយានិកអឺរ៉ុប Alexander Gerst ទើបតែបង្ហោះនៅក្នុង Twitter បានបង្ហាញអំពីស្ថានភាពខ្មួលខ្មាញ់ និងគួរឲ្យព្រឺព្រួចរកអ្វីថ្លែងពុំបានចំពោះព្យុះទីហ្វុង Trami ដែលកំពុងតែបោកសង្គ្រប់លើកោះអូគីណាវ៉ា និងត្រៀមឆ្ពោះទៅរកដែនដីកោះធំៗរបស់ជប៉ុនបន្ថែមទៀត នៅរសៀលថ្ងៃសៅរ៍នេះតែម្តង។ នេះបើតាមការចេញផ្សាយដោយវែបសាយ Space នៅរសៀលថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨។
រូបភាពមួយចំនួនដែលត្រូវបានបង្ហាញនោះ គឺមិនសូវខុសពីព្យុះកួចនៅលើភពផ្សេងៗទៀតនោះឡើយ ប៉ុន្តែបើពិនិត្យបន្តិច វាប្រៀបដីដូចជាទឹកកំពុងតែហូរធ្លាក់ចូលទៅក្នុងជ្រោះមួយ ជាលក្ខណៈកួចតែម្តង។ ព្យុះទីហ្វុង Trami នេះគឺស្ថិតនៅក្នុងកម្រិតទី ៥ ជាព្យុះដែលគ្មានអ្វីមកបញ្ឈប់បានឡើយ ខណៈដែលក្រុមអ្នកវិទ្យាសាស្ត្រនៅស្ថានីយអវកាស អន្តរជាតិ ISS ក៏កំពុងតែអង្កេតចលនាព្យុះនេះពីទីអវកាសផងដែរ។
ព្យុះទីហ្វុងដ៏មានឥទ្ធិពលមួយឈ្មោះ ត្រាមិ (Trami) បានវាយប្រហារលើកោះអូគីណាវ៉ា នៃភាគខាងត្បូងប្រទេសជប៉ុននៅថ្ងៃសៅរ៍នេះ ដោយបណ្ដាលឱ្យមនុស្ស ០៥នាក់រងរបួស ខណៈមន្ត្រីឧតុនិយមព្រមានថា ព្យុះដ៏កំណាចនេះអាចនឹងបន្តមានឥទ្ធិពលនៅរហូត ដល់ថ្ងៃចន្ទសប្តាហ៍ក្រោយ។
យោងតាមអាជ្ញាធរឧតុនិយមជប៉ុន ព្យុះទីហ្វុង Trami បានបក់បោកក្នុងល្បឿនខ្យល់អតិបរមា ២១៤គីឡួម៉ែត្រមួយម៉ោង ដោយនាំ មកជាមួយនូវភ្លៀងធ្លាក់យ៉ាងសន្ធប់ ដូចគេចាប់ហែកមេឃផងដែរ។ មិនតែប៉ុណ្ណោះ វាបានបង្ខំឱ្យអាជ្ញាធរជប៉ុនជម្លៀសមនុស្ស ៦០០នាក់ ទៅរកកន្លែងមានសុវត្ថិភាព នៅតាមជំរុំស្នាក់នៅបណ្ដោះអាសន្នលើកោះ អូគីណាវ៉ា ស្របពេលផ្ទះសម្បែរប្រជាជន ១២១,០០០ខ្នងគ្មានអគ្គិសនីប្រើប្រាស់ និងជើងហោះហើរចំនួន ៣៨៦ ត្រូវបានលុបចោល។
គួរជម្រាបថា Trami គឺជាព្យុះទីហ្វុងចុងក្រោយបំផុតមួយ ដែលបានវាយប្រហារលើប្រទេសជប៉ុននៅក្នុងឆ្នាំ២០១៨នេះ ក្រោយការវាយប្រហារពីព្យុះទីហ្វុង ជែប៊ី (Jebi) កាលពីដើមខែកញ្ញា។ ព្យុះនេះគឺបានកើតមានឡើង ១០ថ្ងៃ បន្ទាប់ពីព្យុះទីហ្វុង Mangkhut បានវាយប្រហារភាគខាងជើងប្រទេសហ្វីលីពីន ដែលបានសម្លាប់មនុស្សជាង ១០០នាក់ ហើយសុទ្ធតែបានកើតឡើង នៅតំបន់ប៉ាស៊ីហ្វិកខាងលិច៕