អាវុធប្រភេទនេះរុស្ស៊ីកំពុងត្រៀម យកទៅពង្រាយនៅតំបន់សមុទ្រទឹកកកអាក់ទិក (រូបភាពខាងក្នុង)
(ម៉ូស្គូ)៖ មេបញ្ជាការកងទ័ពជើងគោករុស្ស៊ី លោក អូឡេក សាលយូកូវ (Oleg Salyukov) បានឱ្យដឹងថា ប្រព័ន្ធកំាភ្លើងធំទំនើបចុងក្រោយបំផុត Nabrosok កំពុងស្ថិតនៅក្រោមការអភិវឌ្ឍ ហើយវានឹងត្រូវបានដាក់ឱ្យប្រើប្រាស់ សម្រាប់កងកម្លាំងមីស៊ីល និងកាំភ្លើងធំរុស្ស៊ី ក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី០១ ខែតុលា ឆ្នាំ២០១៨។
លោក Oleg Salyukov បានបញ្ជាក់ឱ្យដឹងបែបនេះ នៅពេលត្រូវបានអ្នកសារព័ត៌មានសាកសួរថា តើកងទ័ពជើងគោករុស្ស៊ី នឹងទទួលបានអាវុធថ្មីៗក្នុងពេលឆាប់ៗនេះដែរ ឬទេ? ថ្លែងនាឱកាសនោះ មេបញ្ជាការកងទ័ពជើងគោករូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រព័ន្ធកំាភ្លើងធំទំនើបចុងក្រោយបំផុតឈ្មោះ ណាប្រូសុខ (Nabrosok) កំពុងស្ថិតនៅក្រោមការអភិវឌ្ឍ ហើយវានឹងត្រូវដាក់ឱ្យប្រើប្រាស់សម្រាប់កងកម្លាំងមីស៊ីល និងកាំភ្លើងធំរុស្ស៊ី រួមទាំងអង្គភាពនៅក្នុងតំបន់អាក់ទិកទៀតផង»។
លោក Salyukov បានបន្ថែមទៀតថា ក្រៅតែពីប្រព័ន្ធកាំភ្លើងធំ Nabrosok កងទ័ពជើងគោករុស្ស៊ីក៏នឹងទទួលបានផងដែរនូវ រថក្រោះធុន Koalitsiya-SV, Armata Kurganets-25 និងរថពាសដែក Bumerang នៅក្នុងពេលឆាប់ៗនេះ។ ការធ្វើនេះ គឺកើតមានឡើងស្របពេលដែលសហរដ្ឋអាមេរិកកំពុងបង្កើនឥទ្ធិពលយោធា នៅគ្រប់ទីកន្លែងទាំងអស់ទូទាំងពិភពលោក ដើម្បីរារាំងឥទ្ធិពលរុស្ស៊ី និងចិន។
គួរបញ្ជាក់ថា តំបន់ដែនសមុទ្រអាក់ទិកនៃប៉ូលខាងជើងផែនដី ក៏ជាទីតាំងយុទ្ធសាស្ត្រនៅពេលបច្ចុប្បន្ន និងអនាគតផងដែរ ខណៈតំបន់ដែលសំបូរទៅដោយធនធានធម្មជាតិគ្រប់ប្រភេទនេះ គឺកំពុងក្លាយជាកន្លែងដែលប្រទេសជាច្រើនដណ្តើមគ្នា ក្នុងការប្រជែងឥទ្ធិពលដូចជារុស្ស៊ី ចិន ទប់ទល់ជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបជាច្រើន៕