ចិនចង់ពង្រឹងចំណងទាក់ទងជាមួយម៉ាល់ឌីវ តែអ្នកជំនាញព្រមានថា «ប្រយ័ត្នជំពាក់លុយចិនរុំខ្លួន»
(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បាននិយាយថា ទីក្រុងប៉េកាំង ចង់ពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកជាមួយប្រទេសម៉ាល់ឌីវ ខណៈក្រុមអ្នកជំនាញព្រមានថា ប្រទេសដែនកោះមួយនេះអាចនឹងធ្លាក់ចូលក្នុងអន្ទាក់បំណុលរបស់ចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី០១ ខែតុលា ឆ្នាំ២០១៨។
លោក ស៊ី ជិនពីង ថ្លែងបែបនេះនៅក្នុងសារអបអរសាទរមួយ ផ្ញើជូនប្រធានាធិបតីម៉ាល់ឌីវថ្មី លោក អ៊ីប្រាហ៊ីម ម៉ូហាម៉េដ សូលីហ៍ (Ibrahim Mohamed Solih) ជាមេដឹកនាំគណបក្សប្រឆាំងនឹងដែលសន្យាថា នឹងពិនិត្យឡើងវិញលើគំរោងជាច្រើនរបស់ចិន នៅក្នុងប្រទេសដីកោះដ៏តូចមួយនេះ។
លោក ស៊ី បានលើកឡើងនៅក្នុងសារអបអរសាទរដូច្នេះថា «ប្រទេសចិន និងម៉ាល់ឌីវ មានទំនាក់ទំនងមិត្តភាពយូរណាស់មកហើយ… ចិនចង់ធ្វើការជាមួយ ម៉ាល់ឌីវ ក្នុងការបន្តពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការផ្ដល់ផលប្រយោជន៍ ឱ្យគ្នាទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យ ដើម្បីផ្ដល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ»។
គួរបញ្ជាក់ថា ក្រៅតែពីចិន ឥណ្ឌាក៏កំពុងបង្កើនទំនាក់ទំនងជាមួយម៉ាល់ឌីវផងដែរ ក្នុងចេតនាទប់ទល់នឹងឥទ្ធិពលរបស់ចិន នៅក្នុងតំបន់មហាសមុទ្រឥណ្ឌា ដ្បិតម៉ាល់ឌីវ ស្ថិននៅចំងាយតែ ៥២៣គីឡូម៉ែត្រ ប៉ុណ្ណោះពីភាគនិរតីនៃច្រកសមុទ្រភាគខាងត្បូង របស់ឥណ្ឌា។ ការព្រមាននេះ គឺត្រូវបានធ្វើឡើងបន្ទាប់ពីបណ្តាប្រទេសមួយចំនួន ជាពិសេសស្រីលង្កា បានលក់កំពង់ផែយុទ្ធសាស្ត្រខ្លួនឲ្យចិន ក៏ព្រោះតែបំណុលរុំក៕