ប្រធានក្រុមហ៊ុន SpaceX ខាតបង់ប្រាក់ ៤០លានដុល្លារ ដោយសារតែបង្ហោះសារមិនប្រយ័ត្នលើ Twitter
(វ៉ាស៉ីនតោន)៖ នាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុនផលិតរថយន្ត Tesla លោក Elon Musk បានបង្ហោះសារឌឺដងដាក់គណៈកម្មការទីផ្សារមូលបត្រ និងភាគហ៊ុនអាមេរិក ហៅកាត់ថា SEC ជុំវិញរឿងចោទប្រកាន់រូបលោកពីបទឆបោក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅរសៀលថ្ងៃសុក្រ ទី០៥ ខែតុលា ឆ្នាំ២០១៨។
ទីភ្នាក់ងារ SEC បានសង្ស័យថា ការបង្ហោះសាររបស់លោក Musk នៅបណ្តាញទំនាក់ទំនងសង្គម មានការប៉ះពាល់ទៅលើតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន។ បន្ទាប់ពីបានបើកការស៉ើបអង្កេតយ៉ាងល្អិតល្អន់ SEC បានអះអាងថា លោក Musk បាននិយាយភូតកុហកនៅក្នុងសារលើបណ្តាញសង្គម ក្រោមគោលបំណងធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុនហក់ឡើងខ្ពស់ ហើយបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងមហាសេដ្ឋីរូបនេះកាលពីសប្តាហ៍មុន។
យ៉ាងណាមិញ កាលពីចុងសប្តាហ៍មុន ទីភ្នាក់ងារ SEC បានប្រកាសថា លោក Musk បានយល់ព្រមបញ្ចប់រឿង តាមរយៈការចុះចេញពីតំណែងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន និងបង់ប្រាក់ពិន័យ ២០លានដុល្លារ។ បន្ថែមពីនេះក្រុមហ៊ុន Tesla ក៏បានព្រមព្រៀងបង់ប្រាក់ពិន័យ ២០លានដុល្លារដាច់ដោយឡែកផ្សេងទៀត ដើម្បីដោះស្រាយការចោទប្រកាន់ដែលថា ខ្លួនបរាជ័យក្នុងការត្រួតពិនិត្យលើសកម្មភាពបង្ហោះសាររបស់លោក Musk ផងដែរ៕