ស្ត្រីអូតែសឥណ្ឌា ដើរមិនប្រយ័ត្នក៏ធ្លាក់ពីលើយន្តហោះតែម្តង នាំឲ្យរងរបួសជាទម្ងន់!
(ញូដេលី)៖ ស្ត្រីបម្រើការងារនៅលើយន្ដហោះម្នាក់ បានរងរបួសធ្ងន់បន្ទាប់ពីរូបនាង បានធ្លាក់ពីលើយន្ដហោះដឹកអ្នកដំណើរមួយគ្រឿង ខណៈកំពុងដើរបិទបង្អួចយន្ដហោះនេះ នៅឯអាកាសយានដ្ឋានក្នុងទីក្រុង ម៉ុមបៃ (Mumbai) ប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១៨។
យោងតាមអាជ្ញាធរនៅក្នុងតំបន់ គ្រោះថ្នាក់នេះបានកើតឡើងនៅអាកាសយានដ្ឋានអន្តរជាតិ ឆាត្រាផាទី ស៊ីវ៉ាជី (Chhatrapati Shivaji) នៃទីក្រុង Mumbai នៅថ្ងៃចន្ទនេះ។ ចំណែកឯ ស្ត្រីរងគ្រោះខាងលើមានឈ្មោះ ហាស្សា ឡូបូ (Harsha Lobo) អាយុ ៥៣ឆ្នាំ។
ស្ត្រីបម្រើការបានរអិលជើងធ្លាក់ពីលើយន្ដហោះ នៃជើងហោះហើរទៅកាន់ទីក្រុងញូដេលីរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India នៅអំឡុងពេលដើរបិទទ្វារបង្អួចយន្ដហោះ ជាហេតុធ្វើឱ្យរូបនាងរបួសធ្ងន់ និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ក៏ប៉ុន្តែមូលហេតុនៃគ្រោះថ្នាក់នេះ មិនទាន់ត្រូវបានគេបញ្ជាក់ឲ្យលម្អិតនៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងធ្វើឡើង។
គួរជម្រាបថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន យន្ដហោះមួយគ្រឿងផ្សេងទៀតរបស់ក្រុមហ៊ុន Air India ក៏បានបុកទង្គិចនឹងរបងមួយផងដែរ នៅឯអាកាសយានដ្ឋានមួយស្ថិតនៅភាគខាត្បូង រដ្ឋ តាមីលណាឌូ (Tamil Nadu) អំឡុងពេលធ្វើការហោះឡើង តែវាមិនបានបណ្ដាលឱ្យមានគ្រោះថ្នាក់ធំដុំអ្វីនោះឡើយ៕