អាមេរិកកំពុងបង្កើនសាច់ដុំកងទ័ពជើងទឹក ដើម្បីទប់ទល់អ្នកចង់ក្លាយជាមហាអំណាច?
(វ៉ាស៊ីនតោន)៖ កងទ័ពជើងទឹកអាមេរិកមានគំរោងទិញនាវាចម្បាំង ២៤៥គ្រឿង និងនាវាជំនួយយោធា ៥៦គ្រឿង ចាប់ពីពេលបច្ចុប្បន្ននេះរហូតដល់ឆ្នាំ២០៤៨។ នេះបើតាមរបាយការណ៍ នៃការិយាល័យរៀបចំកញ្ចប់ថវិកាសភា (CBO) ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១៨។
នៅក្នុងរបាយការណ៍របស់ខ្លួន ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ CBO បានឱ្យដឹងថា ការទិញនាវាចម្បាំង និងការចំណាយលើថ្លៃថែទាំអាចនឹងត្រូវចំណាយប្រាក់ ២៨.៩ពាន់លានដុល្លារក្នុងមួយឆ្នាំ ហើយវានឹងធ្វើឲ្យអាមេរិកសម្រេចបានមហិច្ចតាក្នុងការពង្រីកទំហំកងទ័ពជើងទឹក ដែលមានបំពាក់នាវាចម្បាំងរហូតដល់ ៣៥៥គ្រឿង នៅក្នុងរយៈពេល ៣០ឆ្នាំ ទៀតប៉ុណ្ណោះ។
បន្ថែមពីលើនេះ របាយការណ៍ដដែលក៏បានបញ្ជាក់ទៀតថា ក្រោមរដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កងទ័ពជើងទឹកអាមេរិកបានបង្កើនគំរោងទិញនាវាចម្បាំងបន្ថែម ៤៧គ្រឿង ក្នុងរយៈពេល ៣០ឆ្នាំ ពីលើគំរោងទិញដែលត្រូវបានព្រាងឡើងសម្រាប់ឆ្នាំសារពើពន្ធ ២០១៧ ដោយរដ្ឋបាលនៃអតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា។
នាវាថ្មីៗជាច្រើននឹងត្រូវយកមកជំនួសនាវាចាស់ៗ ដែលត្រូវដាក់ឲ្យចូលនិវត្តន៍ជាបន្តបន្ទាប់ ហើយនេះក៏ត្រូវបានចាត់ទុកជា ការធ្វើទំនើបកម្មកងទ័ពជើងទឹកទ្រង់ទ្រាយធំ ដែលរដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចង់ធ្វើឲ្យខាងតែបាន។
បន្ថែមពីនេះទៀតនាវាដែលអ្នកជំនាញវិស្វកម្មពិនិត្យមើលទៅឃើញថា នៅតែអាចប្រើការបាននោះ ពួកវានឹងត្រូវបង្កើនចំនួនឆ្នាំនៃការធ្វើប្រតិបត្តិការបន្ថែមទៀត ឧទាហរណ៍ដូចជានាវាមុជទឹកពិឃាតចំនួន ០៧គ្រឿង នឹងត្រូវបង្កើនរយៈពេលធ្វើប្រតិបត្តិការពី ៣៣ឆ្នាំ ឡើងទៅដល់ ៤៣ឆ្នាំ និងនាវាពិឃាតមួយចំនួនទៀតនឹងត្រូវបង្កើនពី ៣៥ឆ្នាំ ឬក៏ ៤០ឆ្នាំ ឡើងទៅដល់ ៤៥ឆ្នាំផងដែរ។
ដោយឡែកសម្រាប់នាវាល្បាតយោធា និងនាវាមុជទឹក-មីស៊ីល ក៏ត្រូវបញ្ជាទិញបន្ថែមដែរ ខណៈនៅឆ្នាំ២០១៩ តែឯងប៉ុណ្ណោះ នាវាមុជទឹកពិឃាតរហូតដល់ ១៦គ្រឿង ត្រូវបានស្នើឲ្យទិញ ជាមួយនឹងនាវាប្រដេញបន្ថែម ១០គ្រឿង និងនាវាចម្បាំងភេទ AWS (amphibious warfare ships) ចំនួន ០៥គ្រឿងផងដែរ លើសពីគំរោងដែលត្រូវបានធ្វើឡើងកាលពីឆ្នាំ២០១៧។
គួរបញ្ជាក់ថា បើតាមគំរោងថ្មីខាងលើនេះ សហរដ្ឋអាមេរិកនឹងមាននាវាដឹកយន្តហោះចម្បាំងបន្ថែម ០១គ្រឿង ជាងរៀងរាល់រយៈពេល ០៥ឆ្នាំ ខណៈបច្ចុប្បន្ននេះអាមេរិកមាន ១០គ្រឿងស្រាប់ទៅហើយ ដែលជានាវាដឹកយន្តហោះចម្បាំងមានសមត្ថភាពពេញលេញ កំពុងបំពេញប្រតិបត្តិការ ដោយឡែក ០៩គ្រឿងផ្សេងទៀតក៏អាចហៅថា ជានាវាដឹកយន្តហោះចម្បាំងដូចគ្នា តែពួកមិនគ្រប់លក្ខណៈនោះឡើយ៕