ផលិតដោយចិនសុទ្ធសាធ! អាចចុះចតលើផ្ទៃទឹកក៏បាន និងហោះឡើងពីទឹកវិញក៏បាន (រូបភាពខាងក្នុង)
(វូហាន)៖ យន្តហោះដឹកទំនិញ-យោធា AG600 ដែលជាផលិតផលក្នុងស្រុកសុទ្ធសាធរបស់ចិននោះ បានធ្វើតេស្តចុះចតជាលើកដំបូងដោយជោគជ័យនៅលើផ្ទៃទឹក ស្ថិតនៅក្នុងទីក្រុង ជិងមិន (Jingmen) នៃខេត្តហ៊ូបៃ (Hubei) ភាគកណ្តាលប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី២០ ខែតុលា ឆ្នាំ២០១៨។
យន្តហោះប្រភេទ AG600 ដែលមានឈ្មោះ Kunlong ត្រូវបានក្រុមហ៊ុនចិនផលិតឡើង ដើម្បីក្លាយជាយន្តហោះចុះចតលើផ្ទៃទឹក ធំជាងគេបង្អល់នៅលើសកលលោក ហើយវាបានធ្វើតេស្តហោះហើរសាកល្បងដោយជោគជ័យលើកដំបូង កាលពីខែធ្នូ ឆ្នាំ២០១៧ មកម្ល៉េះ ខណៈការចុះចតលើផ្ទៃទឹក ដែលជាសមត្ថភាពពិសេសរបស់វា ទើបតែត្រូវបានធ្វើឡើងនៅពេលនេះប៉ុណ្ណោះ ដោយទទួលបានជោគជ័យជាលើកដំបូងបំផុត។
កាលពីវេលាម៉ោង ៨៖៥១នាទីព្រឹកថ្ងៃសៅរ៍នេះ យន្តហោះ Kunlong បានហោះចាកចេញពីអាកាសយានដ្ឋាន ចាងហេ (Zhanghe) នៃទីក្រុង Jingmen ក្រោមការបញ្ជាផ្ទាល់ពីលោកកាពីតែន ចាវ ហ្សេង (Zhao Sheng) និងសហសេវិករបស់លោក។ បន្ទាប់ពីបានហោះឡើងរយៈពេល ១៤នាទី វាក៏បានធ្វើការចុះចតលើផ្ទៃទឹកបឹងមួយ ស្ថិតនៅក្បែរៗអាកាយានដ្ឋាន Zhanghe ដោយជោគជ័យនោះតែម្តង។
យន្តហោះប្រភេទ AG600 ឈ្មោះ Kunlong ខាងលើនេះ ត្រូវបានចិនសម្ងំអភិវឌ្ឍន៍ជាយូរឆ្នាំមកហើយ ដោយស្ថិតនៅក្នុងគោលដៅដាក់ឲ្យបម្រើវិស័យដឹកជញ្ជូនផង និងយោធាផង ហើយវាក៏អាចទទួលការបញ្ជាទិញពីអតិថិជនក្រៅប្រទេសថែមទៀត ខណៈយន្តហោះប្រទេសនេះ គឺរុស្ស៊ីជាអ្នកជំនាញបំផុតក្នុងការផលិតកន្លងមក។ យន្តហោះប្រភេទនេះក៏មានប្រយោជន៍ក្នុងការពន្លត់ភ្លើងឆេះព្រៃ និងផ្គត់ផ្គង់ទឹកទៅកាន់ទីតាំង ដែលមានតម្រូវការបន្ទាន់ជាដើម។
គួរបញ្ជាក់ថា យន្តហោះខាងលើនេះត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុនឧស្សាហកម្មអាកាសចរណ៍រដ្ឋចិន (AIC) ដោយវាត្រូវបានចាត់ទុកថា ជាផលិតផលនៅក្នុងស្រុកសុទ្ធសាធ ព្រោះសូម្បីតែម៉ាស៊ីនក៏ជាផលិតផលរបស់ចិនផ្ទាល់ដែរ។ យន្តហោះ AG600 មានទំហំប្រហាក់ប្រហែលនឹងយន្តហោះ Boeing 737 និងអាចដឹកទំនិញបានរហូតដល់ទៅជាង ៥០តោនឯណោះ ដោយអាចចុះចតលើកផ្ទៃទឹកក៏បាន និងហោះឡើងពីផ្ទៃទឹកវិញក៏បានដែរ ពិតជាពិសេសខ្លាំងណាស់៕