ជនជាតិ​អង់គ្លេសពីរនាក់ចង់​បញ្ជាក់ថា MH370 ពិតជាធ្លាក់​នៅស្រុក​ខ្មែរ តែពេល​នេះ​​ពួកគេ​បោះចោល​ការរុករក​ហើយ!

133

 

(ម៉ូស្គូ)៖ បុគ្គលពីររូបដែល​បានធ្វើដំណើរទៅ​ប្រទេសកម្ពុជា ដើម្បីបញ្ជាក់ថា ទ្រឹស្តីរបស់ពួកគេជុំវិញទីតាំង​ធ្លាក់យន្តហោះ​ដឹក​អ្នក​ដំណើរ MH370 របស់​ម៉ាឡេស៉ីគឺ​ជាការពិតនោះ ទីបំផុតបានបោះបង់​ចោលបេសកកម្ម​របស់ខ្លួនវិញ ដោយថា វានឹងមានគ្រោះ​​ថ្នាក់ខ្លាំង​ពេក។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញ​ពីសារព័ត៌មានរុស្ស៉ី Sputnik នៅរសៀល​ថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨។

លោក Ian Wilson ដែលជាអ្នក​ចង់ដឹងការពិតម្នាក់ និងជាអ្នកបានអះអាងថា ប្រទះឃើញ​ទីតាំងធ្លាក់​យន្តហោះ MH370 ដែលបាន​បាត់​ដំណឹងយ៉ាង​អាថ៌កំបាំង ក្នុងព្រៃនៃ​ប្រទេសកម្ពុជា តាមរយៈរូបភាព​លើប្រព័ន្ធផែនទី Google Maps ទីបំផុតបាន​បោះបង់ចោល​បេសកកម្ម​របស់លោក។

 

កាលពី​សប្តាហ៍មុន លោក Wilson រួមជាមួយ​លោក Jack ដែលជាបងប្អូន​នឹងគ្នា បានធ្វើដំណើរ​ចម្ងាយ ០៨គីឡូម៉ែត្រ ចូលទៅក្នុង​តំបន់​ព្រៃនៃប្រទេស​កម្ពុជា។ ទីតាំងដែល​អ្នកទាំងពីរ​សង្ស័យថា ជាកន្លែងធ្លាក់យន្តហោះ គឺស្ថិតនៅចម្ងាយ​ប្រហែលជាង ០៦គីឡូ​ម៉ែត្រ ភាគខាងជើង​ភ្នំឱរ៉ាល់ដែល​ជាភ្នំខ្ពស់បំផុត​នៅកម្ពុជា ហើយផ្លូវធ្វើដំណើរ​ទៅកាន់ទីនោះ គឺត្រូវឆ្លងកាត់​ព្រៃត្រូពិច​ក្រាស់ៗ ដែលពោពេញ​ដោយទឹកជ្រោះ និងដុំថ្មធំៗ។

ក្នុងដំណើរ​ផ្សងព្រេងនេះ បងប្អូនជនជាតិអង់គ្លេស​ទាំងពីរនាក់​ក៏បានស្វែងរក​ជំនួយពីអ្នកនាំផ្លូវក្នុង​តំបន់ផងដែរ ដើម្បីឆ្លងកាត់​ឧបសគ្គលំបាកៗ​ទាំងអស់នេះ។ យ៉ាងណាមិញ ក្រោយមកទៀតក្រុមអ្នកនាំផ្លូវ ក៏បានឲ្យដឹងថា ពួកគេមិនអាច​បន្តដំណើរទៅមុខ​​បាន​ទៀតនោះទេ ដែលជា​សញ្ញាជំរុញឲ្យ​អ្នកប្រមាញ់​រកយន្តហោះ MH370 ទាំងពីរនាក់ បោះបង់ចោល​ការប្រឹងប្រែង​របស់ពួកគេ ក្នុង​ការទម្លាយ​អាថ៌កំបាំង នៅពីក្រោយ​ការបាត់យន្តហោះ​នេះ។

កន្លងទៅនេះ លោក Ian Wilson ធ្លាប់បានអះអាង លោកបានប្រទះ​ឃើញ​យន្តហោះ MH370 បន្ទាប់ពីចំណាយ​ពេល​រាប់ម៉ោង​​ពិនិត្យ​មើលផែនទី Google Maps។ លោក Wilson មានការជឿជាក់​ខ្ពស់ចំពោះការអះអាងរបស់​លោក ទោះបីជាអ្នកជំនាញ​ជាច្រើន ពុំបានយល់​​ឃើញយ៉ាងដូច្នោះ​ក៏ដោយ។ អ្នកជំនាញ​បានប្រកែកថា អ្វីដែល​លោក Wilson មើលឃើញ និងអះអាងថា ជាយន្តហោះ MH370 ដែលបាត់​ដំណឹង កំពុងនៅលើដីនោះ តាមពិតអាច​ជារូបភាពយន្តហោះ​ណាមួយ ដែលហោះកាត់ចំ​ពេល​ផ្កាយរណប Google Maps ផ្តិតយករូបភាព​ដោយចៃដន្យ​ទៅវិញទេ។

ដោយឡែក Google Maps ទើបតែបាន​អាប់ដេត (Update) រូបភាពរបស់ខ្លួន​នៃតំបន់ក្នុងប្រទេសកម្ពុជា ហើយអ្វីដែល​លោក Wilson បានអះអាងថា ជាទីតាំងធ្លាក់យន្តហោះនោះ គឺស្ថិតនៅកន្លែង​ដដែល នៅលើរូបភាព​ផ្កាយរណប ដែលថតបាន​រវាងឆ្នាំ២០១៧ និង​ឆ្នាំ២០១៥។

គួរជម្រាបថា យន្តហោះនៃអាកាសចរណ៍​ម៉ាឡេស៉ី MH370 ដែលជាប្រភេទ Boeing ដឹកមនុស្ស ២៣៩នាក់ នៅពេលដែលវាបាន​បាត់ចេញពីប្រព័ន្ធរ៉ាដា កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ តាមផ្លូវធ្វើដំណើរពី​ទីក្រុង​គូឡាឡាំពួ ទៅកាន់ទៅ​ក្រុងប៉េកាំង នាអំឡុង​ពេលផ្ទេរការ​គ្រប់គ្រងពី​ស្ថានីយ​ត្រួតពិនិត្យ ចរាចរណ៍​ផ្ទៃអាកាស​នៃប្រទេសម៉ាឡេស៉ី ទៅកាន់ប្រទេស​វៀតណាម។

រហូតមកទល់​ពេលនេះ មានតែបំណែកមួយ​ចំនួនតូចប៉ុណ្ណោះ ដែលគេជឿជាក់ថា ជាផ្នែករបស់យន្តហោះ MH370 ត្រូវបានរក​ឃើញ​​នៅតាមទីតាំង​ខុសៗគ្នា រួមមានកោះ​បារាំង Reunion នៅមហាសមុទ្រ​ឥណ្ឌា និងនៅ​អាហ្វ្រិកខាងត្បូង ព្រមទាំងនៅ​ប្រទេសម៉ូហ្សាំប៊ិចជា​ដើម។

 

ជាច្រើនឆ្នាំ​កន្លងផុតទៅ នៅតែមិនអាចរកឃើញ​ទីតាំងពិតប្រាកដដែល​យន្តហោះធ្លាក់ អាជ្ញាធរម៉ាឡេស៉ី​ទីបំផុត​បានទទួលស្គាល់​ ​កាលពីខែកក្កដាកន្លង​ទៅថា ពួកគេមិន​អាចរកឃើញ​ថា មានអ្វីបានកើត​ឡើងចំពោះ​យន្តហោះនេះឲ្យជាក់​ច្បាស់ឡើយ។ ប្រធាន​​​ក្រុម​ស៉ើបអង្កេតរបស់រដ្ឋាភិបាល​ម៉ាឡេស៉ី បាននិយាយថា យន្តហោះ MH370 ត្រូវបាន​គេប្តូរទៅគ្រប់គ្រង​ដោយដៃ មុនពេល​បាត់​​ចេញពីរ៉ាដា ដែលប្រការ​នេះបានជំរុញដល់ទ្រឹស្តី​ដែលថា យន្តហោះដឹកអ្នក​ដំណើរនេះ​ត្រូវបានគេលុកលុយ​តាមបច្ចេកវិទ្យា ដើម្បី​គ្រប់គ្រង​ពីចម្ងាយ ឬក៏ត្រូវបាន​អាកាសយានិក​បញ្ជាទម្លាក់ចូលទៅក្នុង​សមុទ្រ ក្នុងន័យសម្លាប់​ខ្លួនឯង ក៏ដូចជាអ្នកដំណើរ​ទាំង​អស់​៕

480×240 Banner