ចិន៖ បើលោក ដូណាល់ ត្រាំ ប្រើទូរស័ព្ទ iPhone ហើយនៅខ្លាចគេ Hack ទៀតនោះ, សូមប្តូរទៅប្រើ Huawei វិញទៅ!
(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយបែបចំអកឡកលើយឱ្យប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប្ដូរទូរស័ព្ទដៃ iPhone របស់លោកទៅប្រើទូរស័ព្ទដៃចិនជំនួសវិញ ឬក៏អាចឈប់ប្រើឧបករណ៍ ទំនាក់ទំនងទំនើបៗចោលតែម្ដង បើនៅតែខ្លាចគេលួច Hack។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១៨។
លោក Hua Chunying ធ្វើការកត់សម្គាល់បែបនេះ បន្ទាប់សារព័ត៌មានអាមេរិក New York Times រាយការណ៍ថា ប្រទេសចិន និងរុស្ស៊ីបាននិងកំពុងព្យាយាមលួចស្ដាប់ កិច្ចសន្ទនាតាមទូរស័ព្ទដៃ iPhone ផ្ទាល់ខ្លួនរបស់លោក ដូណាល់ ត្រាំ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោកស្រី Chunying បានលើកឡើងដូច្នេះថា «ក្រោយពីបានអានសេចក្ដីរាយការណ៍នេះ… បើសិនជាពួកគេ (សហរដ្ឋអាមេរិក) ព្រួយបារម្ភខ្លាចក្រែងទូរស័ព្ទដៃ iPhone របស់ Apple ត្រូវបានគេ Hack លួចស្ដាប់»។
អ្នកនាំពាក្យក្រសួងការបរទេសចិនបានសង្កត់ធ្ងន់ថា បើខ្លាចគេលួចស្តាប់កិច្ចសន្ទនា នោះពួកគេអាចប្ដូរមកប្រើទូរស័ព្ទដៃចិន Huawei ជំនួសវិញបាន… តែបើសិនជាពួកគេនៅតែព្រួយបារម្ភដដែល ពួកគេ អាចឈប់ប្រើប្រាស់ទូរស័ព្ទដៃ ឬឧបករណ៍ទំនាក់ទំនងទំនើបៗទាំងអស់ ហើយផ្ដាច់ទំនាក់ទំនងពីពិភពខាងក្រៅតែម្ដងទៅ។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានច្រានសេចក្ដីរាយការណ៍របស់ New York Times ដោយហៅវាថា ជា Fake News ខណៈរុស្ស៊ីក៏បានទាត់ចោលសេចក្ដីរាយការណ៍នេះដែរ៕