រុស្ស៊ី៖ ប្រព័ន្ធមីស៊ីលដ៏ខ្លាំងក្លាមួយ នឹងត្រូវដាក់ពង្រាយនៅក្បែរប៉ូលខាងជើងផែនដី!
(ម៉ូស្គូ)៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS នៅថ្ងៃសុក្រនេះបានឱ្យដឹងថា កងកម្លាំងរុស្ស៊ីប្រចាំតំបន់ភាគខាងជើងនៃប្រទេស នឹងទទួលបានប្រព័ន្ធមីស៊ីលការពារដែនអាកាស Tor-M2DT នៅខែវិច្ឆិកា ខាងមុខនេះ ចំពោះមុខស្ថានការណ៍ផុយស្រួយក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ ងារសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១៨។
យោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS តាមរយៈការស្រង់សម្ដីរបស់មេបញ្ជាកងទ័ពអាកាសលោក អាឡិចហ្សង់ដឺ ឡេអូណូវ (Alexander Leonov) ប្រព័ន្ធមីស៊ីល Tor-M2DT នឹងត្រូវដាក់ឱ្យដំណើរការសម្រាប់អង្គភាពទ័ពអាកាសរុស្ស៊ី ប្រចាំតំបន់ភាគខាងជើងនៅខែវិច្ឆិកានេះ។ លោក Leonov បានបញ្ជាក់ថា Tor-M2DT គឺជាប្រព័ន្ធមីស៊ីលការពារដែនអាកាសដ៏មានសមត្ថភាពមួយ ដែលប្រយុទ្ធប្រឆាំងនឹង រាល់គោលដៅសត្រូវនៅលើអាកាសគ្រប់ប្រភេទ ក្នុងនោះរួមមានទាំងយន្ដហោះដ្រូន រយៈចំងាយទាបផងដែរ។
កាលពីខែមករា ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា កងទ័ពរុស្ស៊ីប្រចាំតំបន់ភាគខាងជើង និងអាក់ទិចនឹងទទួលបាន Tor-M2DT នៅក្នុងឆ្នាំ២០១៨។ Tor-M2DT គឺកូនកាត់នៃប្រព័ន្ធមីស៊ីលប្រចាំតំបន់សមុទ្រទឹកកកអាក់ទិច Tor-M2 ដោយមានមីស៊ីល ១៦គ្រាប់ និងបាញ់បានចំងាយ ១២គីឡូម៉ែត្រ ព្រមទាំងរយៈកម្ពស់ដល់ទៅ ១០,០០០ម៉ែត្រ ហើយអាចដាក់ឲ្យធ្វើប្រតិបត្តិការដោយផ្ទាល់ដៃ និងដោយស្វ័យប្រវត្តិ។
គួរបញ្ជាក់ថា តំបន់ភាគខាងជើងប្រទេសរុស្ស៊ីទាំងអស់ គឺជាប់នឹងដែនសមុទ្រទឹកកកអាក់ទិច ដែលទីកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់បណ្តាប្រទេសមហាអំណាចធំៗដូចជា សហរដ្ឋអាមេរិក បណ្តាប្រទេសអឺរ៉ុបមួយចំនួន រុស្ស៊ីផ្ទាល់ និងប្រទេសចិនផងដែរ។ តំបន់នេះត្រូវបានចាត់ទុកជាដែនសមុទ្រអន្តរជាតិ ដែលស្ថិតនៅក្នុងការឃ្លាំមើល ប៉ុន្តែវាក៏នឹងអាចក្លាយជាទីប្រជែងដណ្តើមយកអំណាច និងធនធានធម្មជាតិ ពីសំណាក់ប្រទេសទាំងអស់នេះផងដែរ៕