ធម្មជាតិលើផែនដីកំពុងរលាយកាន់តែរហ័ស ដោយសារមនុស្សបង្កើនសកម្មភាពបំផ្លាញ!
(ឡុងដ៍)៖ ទស្សនាវដ្ដី The Nature បានអំពាវនាវឱ្យសហគមន៍អន្តរជាតិទាំងមូល ធ្វើសកម្មភាពជាបន្ទាន់ក្នុងការការពារតំបន់ធម្មជាតិ ខណៈតំបន់ធម្មជាតិកម្រៗជាច្រើនកំពុងបាត់បង់យ៉ាងឆាប់រហ័ស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។
ការសិក្សាស្រាវជា្រវមួយចេញផ្សាយនៅលើទស្សនាវដ្ដី The Nature នៅថ្ងៃពុធសប្ដាហ៍នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «កាលពីមួយសតវត្សរ៍មុនតំបន់ធម្មជាតិ ១៥ភាគរយ តែប៉ុណ្ណោះត្រូវបានប្រើប្រាស់សម្រាប់ការចិញ្ចឹមសត្វ និងដំាដំណាំ… ក៏ប៉ុន្តែក្នុងពេលបច្ចុប្បន្នតំបន់ធម្មជាតិរហូតដល់ ៧០ភាគរយ ក្នុងនោះរួមទាំងទ្វីបអង់តាក់ទិច បាននិងកំពុងប្រែប្រួល ដោយសារសកម្មភាពរបស់មនុស្ស»។
ងាកទៅមើលផ្ទៃសមុទ្រវិញ បើតាមរូបភាពអង្កេតតាមប្រព័ន្ធផ្កាយរណបទៅលើផ្ទៃមហាសមុទ្រទាំង ០៤ ផ្ទៃសមុទ្រទាំងអស់សរុប ៨៧ភាគរយ កំពុងត្រូវបានគ្រប់គ្រងដោយសកម្មភាពមនុស្ស មានដូចជាការធ្វើនេសាទ ជីកយករ៉ែ ការបំពុល និងការដឹកជញ្ជូន ដែលស្ទើរតែលាតសន្ធឹងទៅដល់តំបន់ប៉ូលទាំងពីរនៃផែនដីនេះតែម្តង។
សម្រាប់តំបន់ដែលអាចទទួលរងការការពារវិញ គឺលុះត្រាណាតែវាស្ថិតនៅក្នុងយន្តការនៃការការពារដោយច្បាប់អន្តរជាតិ ឬវាជាតំបន់ចាំបាច់សម្រាប់ប្រទេសទាំងអស់នោះផ្ទាល់ ទើបអាជ្ញាធរពួកគេប្រឹងប្រែងនៅក្នុងការថែរក្សា។ ហេតុដូច្នេះទើបបណ្តាអ្នកអភិរក្ស និងគាំពារបរិស្ថានទាំងអស់ អំពាវនាវឲ្យមានការឡើងអំពីបញ្ហានេះ នៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខ។
គួរជម្រាបថា នៅចន្លោះឆ្នាំ១៩៩៣ និងឆ្នាំ២០០៩ តំបន់ធម្មជាតិមួយមានទំហំធំជាងប្រទេសឥណ្ឌា ដែលមានផ្ទៃ ៣.៣លានគីឡូម៉ែត្រក្រឡា បានបាត់បង់ដោយសារសកម្មភាពរបស់មនុស្សដូចជា ការសាងសង់ទីជម្រក ការធ្វើកសិកម្ម ការជីករ៉ែ និងសម្ពាធ ដទៃជាច្រើនទៀត។ សកម្មភាពទាំងអស់នេះ ក៏កំពុងតែធ្វើឲ្យជម្រកទាំងសត្វលើដី និងក្នុងទឹកកាន់តែរួញទៅៗផងដែរ៕