ក្រុមហ៊ុនអន្តរជាតិធំៗបើកទីស្នាក់ការនៅវៀតណាម ហើយពេលនេះត្រៀមថែម Google របស់អាមេរិកមួយទៀត

149

(ហាណូយ)៖ រដ្ឋាភិបាល​​ទីក្រុងហាណូយ​បាន​និយាយនៅថ្ងៃពុធនេះថា ក្រុមហ៊ុនយក្ស​របស់​សហរដ្ឋអាមេរិក Google កំពុងសិក្សា​ពីលទ្ធភាព​នៃការបើក​ការិយាល័យតំណាង​របស់ខ្លួន​​ប្រចាំនៅក្នុងប្រទេស​វៀតណាម ក្រោយពីមាន​​សេចក្តីរាយការណ៍​ជាច្រើន​អំពី​ក្រុមហ៊ុនផលិត​បរិក្ខាយន្តហោះ ក្រុមហ៊ុន Apple និងក្រុមហ៊ុន​​ផលិតរថយន្ត​​ម៉ាកល្បីៗ ក៏រៀបចំបើក​ការិយាល័យ ឬរោងចក្រ​​នៅប្រទេសអាស៊ាន​នេះផងដែរ។ នេះបើតាមការ​ចេញ​ផ្សាយ​​ដោយទីភ្នាក់ងារ​ព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨។

រដ្ឋាភិបាល​វៀតណាម ធ្វើការអះអាងបែបនេះ​នៅលើគេហទំព័រ​របស់ខ្លួន ដោយផ្អែកលើ​ប្រភពបានមកពីអនុប្រធា​នជាន់ខ្ពស់ ក្រុមហ៊ុន Google លោក ខែន វ៉កខឺ (Kent Walker)។ គេហទំព័រដដែល​បានបញ្ជាក់ដោយយោង​លើសម្ដីលោក Walker យ៉ាងដូច្នេះថា «ក្រមហ៊ុន Google កំពុងសិក្សា​ពីការបើកការិយាល័យ​តំណាង នៅក្នុងប្រទេស​វៀតណាម​ ជាមួយការ​ទទួលបានគោលការណ៍​ធានាពិសេសមួយ​ ដែលស្របតាម​ច្បាប់​អន្តរជាតិ»។

គួរបញ្ជាក់ថា ព័ត៌មានខាងលើ​កើតមានឡើង ខណៈច្បាប់ស្ដីពីសន្តិសុខ​ព័ត៌មានវិទ្យាដ៏ចម្រូង ចម្រាស់របស់​វៀតណាម នឹងត្រូវចូលជាធរមាន​ដើមឆ្នាំក្រោយ ជាមួយការតម្រូវ​ឱ្យក្រុមហ៊ុនបច្ចេកវិទ្យា​ទាំងអស់​ត្រូវបើក​ការិយាល័យតំណាង និងផ្ទុកទិន្នន័យ​នៅក្នុង​ប្រទេស ដោយសារតែទីក្រុងហាណូយ បានមើលឃើញនូវ​ការវាយប្រហារ​ផ្នែកព័ត៌មានវិទ្យា​​កាន់តែខ្លាំង​ឡើងៗ​នៅទូទាំង​សកលលោក៕

480×240 Banner