Channel បង្ហោះរឿងក្លែងបន្លំ, ច្រំដែលៗ, និងអាសអាភាសចំនួន១.៦៧លានត្រូវ YouTube បិទចោលតែម្តង!
(សាន់ហ្រ្វាន់ស៊ីស្កូ)៖ ក្រុមហ៊ុនបណ្តាញសង្គម YouTube បានឱ្យដឹងថា ខ្លួនបានលុបចោល Channel របស់អ្នកប្រើប្រាស់ជាង ១.៦៧លាន ដែលមានបញ្ហាវីដេអូ ឥតបានការ (Spam), បោកប្រាស់ (Scams) និងវីដេអូប្រភេទក្លែងបន្លំ ដើម្បីទាក់អ្នកទស្សនាដទៃៗទៀត កាលពីត្រីមាសទី ៣ នៃឆ្នាំ២០១៨នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែធ្នូ ឆ្នាំ២០១៨។
នៅក្នុងរបាយការណ៍តម្លាភាពរបស់ខ្លួន ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្រុមហ៊ុន YouTube បានឲ្យដឹងថា ៧៩.៦ភាគរយនៃ Channel ដែលត្រូវបានលុបចោលគឺមានបញ្ហា វីដេអូ Spam, Scams និងមាតិកាក្លែងបន្លំរាប់ចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០១៨នេះ ខណៈ១២.៦ភាគរយផ្សេងទៀត ត្រូវបានលុបចោលដោយសារបង្ហោះវីដេអូអក្រាត ឬរឿងអាសអាភាស។
លើសពីនេះទៅទៀត នៅក្នុងរយៈពេលដូចគ្នានេះក្រុមហ៊ុន YouTube ក៏បានលុបចោលផងដែរវីដេអូជាង ៧.៨លាន ក្រោមហេតុផលដូចខាងលើ ហើយ ៨១ភាគរយនៃវីដេអូទាំងនេះ ត្រូវបានរកឃើញដោយប្រព័ន្ធអង្កេតស្វ័យប្រវត្តិ រីឯ៧៤.៥ភាគរយ នៃវីដេអូរកឃើញដោយប្រព័ន្ធអង្កេតស្វ័យប្រវត្តិនេះទៀតសោត មិនទាន់ត្រូវបានមើលឃើញជាសាធារណៈឡើយ (អាចថាបង្ហោះភ្លាមត្រូវកម្មវិធីអង្កេតរបស់ YouTube ចាប់បានភ្លាម និងបង្ខំឲ្យម្ចាស់ Channel លុបចោល)។
គួរជម្រាបថា ក្រុមហ៊ុន YouTube ធ្លាប់បានចេញផ្សាយជាលើកដំបូងថា ការបញ្ចេញមតិចំនួន ២២៤លាន ត្រូវបានលុបចោលដោយសារជា spam នៅក្នុងត្រីមាសទី ៣ នៃឆ្នាំ២០១នេះ ហើយ៩៩.៥ភាគរយនៃការបញ្ចេញមតិត្រូវបាន រកឃើញដោយប្រព័ន្ធអង្កេតស្វ័យប្រវត្តិរបស់ក្រុមហ៊ុនយក្សមួយនេះ៕