អាវុធថ្មីរបស់ទ័ពអាកាសអាមេរិកមួយនេះ សូម្បីនាវាដឹកយន្តហោះចម្បាំង ក៏វាអាចបាញ់កម្ទេចបានដែរ (រូបភាពខាងក្នុង)
(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតសព្វាវុធដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក Lockheed Martin បានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះថា មីស៊ីលកម្ទេចនាវាចម្បាំងរយៈចម្ងាយឆ្ងាយ ឬហៅកាត់ថា LRASM ត្រូវបានបញ្ជូនទៅដល់ដៃកងទ័ពអាកាស នៃសហរដ្ឋអាមេរិករួចហើយ ដើម្បីបំពេញប្រតិបត្តិការ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី១៩ ខែធ្នូ ឆ្នាំ២០១៨។
ក្រុមហ៊ុន ឡុកឃីដ ម៉ាទីន (Lockheed Martin) ដែលមានមូលដ្ឋាននៅរដ្ឋម៉ារីឡេន (Maryland) នោះបានបញ្ជាក់ទៀតថា គ្រាប់មីស៊ីល LRASM គឺជាប្រភេទអាវុធបាញ់ចេញ ដែលសមត្ថភាពកំណត់គោលដៅវាយប្រហារ ទាំងពេលវាកំពុងហោះហើរ និងអាចកម្ទេចគោលដៅបានល្អបំផុត បើទោះបីជាកំពុងមាននាវាច្រើនគ្រឿងនៅប្រមូលផ្តុំគ្នាក៏ដោយក៏វាមិនអាចវាយប្រហារខុសគោលដៅនោះឡើយ។ ក្រុមហ៊ុនផលិតសព្វាវុធអាមេរិកមួយនេះហ៊ានធានាថា LRASM ពិតជាអាចកម្ទេចនាវារបស់សត្រូវ ហើយបើទោះបីជានាវាដឹកយន្តហោះចម្បាំងដែលមានប្រព័ន្ធការពារខ្លាំងក្លានោះ ក៏មិនអាចទប់ទល់នឹងវាបានដែរ។
គួរបញ្ជាក់ថា ការដាក់ឲ្យប្រើប្រាស់គ្រាប់មីស៊ីល LRASM នាពេលនេះ គឺពិតជាស្របទៅតាមគោលដៅដែលកងទ័ពអាកាសអាមេរិកចង់បាន ហើយប្រភេទមីស៊ីលនេះមិនអាចឲ្យរ៉ាដារបស់សត្រូវចាប់បាននោះឡើយ។ សហរដ្ឋអាមេរិកនឹងប្រើប្រាស់មីស៊ីលប្រភេទនេះ នៅក្នុងយុទ្ធនាការល្បាតដែនសមុទ្រ និងសម្រាប់បំពាក់នៅលើយន្តហោះទម្លាក់គ្រាប់បែកដ៏មានអានុភាព B-1B ហើយនឹងអាចយកទៅបំពាក់ នៅលើយន្តហោះចម្បាំងមួយចំនួនទៀតរបស់កងទ័ពអាកាសនៅឆ្នាំ២០១៩ ដើម្បីបង្កើនសមត្ថភាពកម្ទេចសត្រូវ៕