ប្រាកដជា… ជប៉ុន​សម្រេចដកខ្លួនពី​ IWC ដើម្បី​​អាចនេសាទ​ត្រីបាឡែន​ដោយ​សេរីឡើងវិញ!

200

(តូក្យូ)៖ រដ្ឋាភិបាល​ជប៉ុននាថ្ងៃពុធនេះ បាន​ប្រកាសជាផ្លូវការនូវការដកខ្លួន​ចេញពី គណៈកម្មការ​ត្រួតពិនិត្យការប្រមាញ់​ត្រី​បាឡែន​អន្តរជាតិ (IWC) និងត្រៀមចាប់ផ្តើម​ការនេសាទត្រីបាឡែន​ ក្រោមគោលដៅពាណិជ្ជកម្ម​ឡើងវិញ​នៅខែកក្កដា ឆ្នាំ២០១៩។ នេះបើ​តាម​​ការ​​​ដក​ស្រង់​​ការ​ផ្សាយ​​ចេញ​ពី​សារព័ត៌មាន Asia Nikkei Review នៅព្រឹក​ថ្ងៃពុធ ទី២៦​ ខែធ្នូ ឆ្នាំ២០១៨។

ការដកខ្លួនចេញ​បែបនេះ នឹងអនុញ្ញាតឲ្យជប៉ុនអាច​បន្តការប្រមាញ់សត្វត្រីបាឡែន ​ក្រោមគោលដៅពាណិជ្ជកម្មឡើង​វិញ​បាន​ នៅតាមដែនទឹក​ជាប់ប្រទេស​របស់ខ្លួន ព្រមទាំងតំបន់​សេដ្ឋកិច្ចផ្តាច់មុខ​របស់ជប៉ុន ជាលើកដំបូង​ក្នុងរយៈពេល ​៣០ឆ្នាំ​កន្លង​មក​។ ទោះជាយ៉ាងនេះក្តី ជប៉ុននឹងមិនអាច​ធ្វើការនេសាទ​ត្រីបាឡែន​ក្នុង​គោលដៅវិទ្យាសាស្រ្ត នៅ​មហាសមុទ្រទឹកកក​​អង់​តាក់​ទិក​ ក្រោមច្បាប់​អន្តរជាតិ​បានទៀត​ឡើយ ហើយវាគឺជាបោះចោលមួយ​ ដើម្បីចាប់យកមួយទៀត។​

គួរជម្រាបថា គណៈកម្មការ IWC ត្រូវបានបង្កើត​ឡើងនៅ​ឆ្នាំ១៩៤៨ ដើម្បីអភិរក្សា​ត្រីបាឡែន និងត្រួតពិនិត្យ​ទៅលើ​ការអភិវឌ្ឍនៃ​ឧស្សាហកម្មនេសាទ​សត្វត្រីនេះ ដោយមានសមាជិក​ចំនួន ៨៩ប្រទេស ខណៈជប៉ុន​បានចូលរួមក្នុងគណៈ​កម្មការ​នេះកាលពីឆ្នាំ១៩៥៩។

សម្រាប់នីតិវិធី​នៃការដកខ្លួនចេញ​ អាចប្រើរយៈពេលយ៉ាង​តិចកន្លះឆ្នាំ។ ការនេសាទ​​ត្រីបាឡែនរបស់​ជប៉ុន តែងតែទទួល​ការរិះគន់ពី​សំណាក់​អ្នក​អភិរក្ស​ត្រីបាឡែន​អន្តរជាតិ តែសម្រាប់​ជប៉ុនវិញ​​ត្រីបាឡែន​ត្រូវបាន​​ចាត់ទុកជាអាហារ​​បែប​ប្រពៃណី ដែលមិនអាចខ្វះបាននោះឡើយ៕

480×240 Banner