ស្តេចចុងភៅជប៉ុនចាយលុយ «៣.១លានដុល្លារ» ទិញត្រីធូណាយក្សមួយក្បាលធ្វើម្ហូប ទាំងដែលវាជាប្រភេទត្រីជិតផុតពូជ (រូបភាពខាងក្នុង)
(តូក្យូ)៖ ស្ដេចស៊ូស៊ីជប៉ុន លោក គីយ៉ូស៊ិ គីមួរ៉ា (Kiyoshi Kimura) បានសម្រេចចិត្តទិញត្រីធូណាយក្សមួយក្បាល ក្នុងតម្លៃជាង ៣.១លានដុល្លារ នៅក្នុង ការដេញថ្លៃមួយនៅឯផ្សារត្រីទីក្រុងតូក្យូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃសៅរ៍ ទី០៥ ខែមករា ឆ្នាំ២០១៩។
ស្ដេចស៊ូស៊ិ ឬមានរហ័ស្សនាមថា Tuna King លោក Kiyoshi Kimura បានទិញត្រី bluefin tuna ទម្ងន់ ២៧៨គីឡូក្រាមខាងលើ ដែលជាប្រភេទត្រីជិតផុតពូជមិនមែនជាលើកទីមួយឡើយ។ ពោលគឺលោកក៏ធ្លាប់បានចំណាយលុយ ១.៤លានដុល្លារ ទិញត្រីធូណាយក្សមួយក្បាលកាលពីឆ្នាំ២០១៣ ផងដែរ។ លោក Kimura បានគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «ខ្ញុំបានទិញត្រីធូណាដ៏ល្អមួយក្បាលក្នុងតម្លៃ ខ្ពស់កប់ពពក ប៉ុន្តែខ្ញុំសង្ឃឹមថាអតិចិជនរបស់យើងនឹងបរិភោគត្រីធូណាដ៏ល្អឯកនេះ»។
គួរបញ្ជាក់ថា ត្រី bluefin tuna ត្រូវបានអង្គការមូលនិធិគាំទ្រសត្វព្រៃ World Wildlife Fund (WWF) ចាត់ទុកថា ជាប្រភេទត្រីជិតផុតពូជ និងចាំបាច់បំផុតត្រូវតែអភិរក្ស។ ទោះជាបែបនេះក្តី ការបរិភោគសាច់សត្វត្រីជាច្រើនប្រភេទទាំងត្រីទន្លេ និងត្រីសមុទ្រ គឺជាទំនៀមទម្លាប់ប្រពៃណីរាប់សតវត្សរ៍មកហើយ នៃជនជាតិជប៉ុនទាំងអស់ ដែលជាពិសេសនោះ គឺសាច់ត្រីបាឡែនតែម្តង៕