ឌូបៃ! ទីក្រុងអេលៀន (Alien City) ដែល​មិនខុសពីក្នុងខ្សែភាពយន្ត​បែបវិទ្យាសាស្ត្រ​ឡើយ!

162

(ឌូបៃ)៖ ទីក្រុងឌូបៃនៃប្រទេសអេមេរ៉ាត់អារ៉ាប់រួម អាចមានអត្ថន័យ​ប្លែកៗពីគ្នាសម្រាប់បុគ្គលម្នាក់ៗ។ សម្រាប់អ្នក​ចូលចិត្ត​​​​ធ្វើ​ដំណើរឡើងចុះ​តាមជើងយន្តហោះ វាគឺជាកន្លែង Transit ដ៏ធំមួយ និងជាជម្រក​ទីស្នាក់ការក្រុមហ៊ុន​​អាកាសចរណ៍​​ Emirates រីឯ​សម្រាប់អ្នកជំនួញវិញ វាគឺជាមជ្ឈមណ្ឌល​ហិរញ្ញវត្ថុអន្តរជាតិ។ នេះបើតាម​ការចុះ​ផ្សាយដោយ Channel News Asia នាល្ងាចថ្ងៃចន្ទ ទី០៧ ខែមករា ឆ្នាំ២០១៩។

ប៉ុន្តែសម្រាប់អ្នក​​ដែលមានឱកាស​ បាន​មក​​ដើរ​​​កម្សាន្ត​នៅ​ទីក្រុងនេះ​ជាលើកដំបូងវិញ គឺអាច​និយាយបានថា វាប្រៀប​ដូច​ជា​ទីក្រុង​​ដ៏​ទំនើប​ក្នុង​រឿង​​វិទ្យាសាស្រ្តអនាគត​​ ជាកន្លែងមិន​គួរឲ្យជឿ ដែលមើលទៅអស្ចារ្យ​មែនទែន ​ដោយសារតែការ​​អភិវឌ្ឍន៍​កាន់តែខ្លាំង រួមជាមួយ​វត្ត​មាន​​នៃ​សំណង់​​អគារ​ខ្ពស់​ស្កឹម​​ស្កៃ​​ជាង​គេ​លើ​លោក និងប្រព័ន្ធ​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ខ្វែង​ខ្វាត់។

ដូច្នេះហើយបើ​មានឱកាសបានទៅដល់​ទីក្រុងឌូបៃ ដែលជាគោលដៅ​ទេសចរណ៍យ៉ាងទំនង​មួយនោះ មាន​បទពិសោធន៍​​គួរ​ឲ្យ​ចាប់ចិត្ត​មួយចំនួន ដែលអ្នកទាំងអស់​ពុំគួរឲ្យរំលងហួស​ទៅឡើយ។

១៖ អគារ Burj Khalifa ជាមួយកម្ពស់​​ប្រមាណ ៨២៨ម៉ែត្រ អគារ Burj Khalifa ដែលមាន ១៦៣ជាន់នេះ គឺជាសំណង់​អគារខ្ពស់ជាងគេបង្អស់​លើ​​ពិភពលោក។ អ្វីដែល​ពិសេសនោះ គឺលោកអ្នកអាច​គយគន់ទេសភាព ​នៃទីក្រុងឌូបៃទាំងមូល​បាន​ពីជាន់​ទី ​១៤៨នៃអគារ​​​​​។

២៖ អគារ Dubai Frame សំណង់​ស្ថាបត្យកម្មនេះ មានរូបរាងដូចជាស៊ុម​រូបថតយក្សមួយ ដោយវាមានកម្ពស់​ដល់ទៅ ១៥០ម៉ែត្រ និង​ទទឹង​ ៩៣ម៉ែត្រ​។ ​អ្វីគួរឲ្យចាប់អារម្មណ៍​នៅក្នុងអគារនេះវិញ គឺផ្ទាំងស្រ្គីន​ប្រភេទ 360 Degree ដែល​បញ្ចាំងរៀបរាប់​ពីថ្ងៃអនាគតនៃ​ទីក្រុង​ឌូបៃ ព្រមទាំងផ្ទាំងកញ្ចក់​យើងដើរជាន់ពីលើ ដែលអាចមើលឃើញ​នូវទិដ្ឋភាពគួរឲ្យព្រឺខ្លួននៅខាងក្រោម។

៣៖ សួន Global Village ជាកន្លែងសម្រាប់​ដើរកម្សាន្ត ​និងទិញឥវ៉ាន់ ជាពិសេសនៅ​ពេលរាត្រី ដែលមានផ្ទៃដីទំហំ​ប្រមាណ ០២គីឡូម៉ែត្រ​ការេ​​។ នៅទីនេះមាន​សំណង់ចំនួន ៣០ ដែលបង្ហាញ​ពី​វប្បធម៌​​មកពី ៧៥ប្រទេស នៅជុំវិញ​ពិភពលោក។

៤៖ កន្លែងកម្សាន្ត IMG Worlds of Adventure គឺជាប្រភេទ Theme Park បំពាក់ដោយម៉ាស៊ីន​ត្រជាក់ធំបំផុត​លើលោក ដែលចែកជាតំបន់​០៤ធំៗ​ ស​ម្រាប់​ការទស្សនា ​និង​លេងកម្សាន្ត​រួមមានតំបន់ Cartoon Network, IMG Boulevard, the Lost Valley – Dinosaurs Adventure, និង MARVEL​។

៥៖ សួនទឹក Aquaventure Waterpark ស្ថិតក្នុងផ្នែកនៃ​សណ្ឋាគារលំដាប់ថ្នាក់​ផ្កាយ ៥ Atlantis The Palm មាន ១,៥៣៩បន្ទប់ ដែលស្ថិតនៅជាយ​កោះសិប្បនិម្មិត​ The Palm Jumeirah ដែលរាងដូចដើមដូង។

៦៖ សួនសត្វ​ក្រោមទឹក Dubai Aquarium & Underwater Zoo មានទីតាំងនៅ​ក្នុងផ្សារ​ទំនើប Dubai Mall ដោយសួននេះ​មានបណ្តោយ​ប្រវែង ៥១ម៉ែត្រ ទទឹង ២០ម៉ែត្រ និង​កម្ពស់ ​១១​ម៉ែត្រ​។ អាងទឹកយក្ស​ចំណុះ ​១០លានមីលីលីត្រនេះ មានផ្ទុកនូវសត្វ​សមុទ្រ​ជាង ៣៣,០០០ប្រភេទ ហើយ​លោក​អ្នក​​អាចទស្សនា​សកម្មភាពរបស់​ពួកវាបាន តាមរយៈផ្លូវរូង​មួយប្រវែង ៤៨ម៉ែត្រ។

៧៖ មជ្ឈមណ្ឌល​ស្វែងយល់​វប្បធម៌ Sheikh Mohammed បើសិនចម្ងល់អ្វីអំពី​ទីក្រុងឌូបៃ ​ពីអេមីរ៉ាត់អារ៉ាប់រួម ឬពីវប្បធម៌ ក៏ដូចជាទំនៀម​ទម្លាប់នៃតំបន់​នេះផ្ទាល់ មជ្ឈមណ្ឌលនេះ​​​​គឺជាកន្លែង​ដែលអ្នកទាំងអស់គ្នា​គួរតែទៅ៕

480×240 Banner