Huawei បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវក្នុងខេត្តមួយរបស់ចិន ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ
(ប៉េកាំង)៖ ក្រុមហ៊ុន Huawei បានបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវមួយនៅក្នុងទីក្រុង ហេហ្វៃ (Hefei) នៃខេត្ត អានហ៊ុយ (Anhui) ស្ថិតនៅភាគខាងកើតប្រទេសចិន ដើម្បីអភិវឌ្ឍវិស័យបណ្តាញ 5G, បញ្ញាសប្បនិម្មិត (AI) និងផលិតប្រព័ន្ធឌីជីថលនានា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០១៩។
យោងតាមមន្ត្រីនៅក្នុងទីក្រុង Hefei មជ្ឈមណ្ឌលស្រាវជ្រាវនេះ នឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយ សាកលវិទ្យាល័យនៅក្នុងតំបន់ ក៏ដូចជាវិទ្យាសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ ក្នុងនោះមានដូចជាសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន (USTC) ជាដើម។
កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Huawei និង USTC បានចាប់ផ្ដើមតាំងតែពីឆ្នាំ១៩៩៧ មកម្ល៉េះ នៅពេលដែលភាគីទាំងពីរបានបង្កើតវិទ្យាស្ថានព័ត៌មានវិទ្យាមួយរួមគ្នា។ ភាគីទាំងពីរក៏បានដឹកនាំការសិក្សា លើគំរោងស្រាវជ្រាវវិទ្យាសាស្ត្រច្រើនជាង ១៥០គំរោង ខណៈ Huawei គឺជាអ្នកផ្ដល់ការងារឱ្យនិស្សិតបញ្ចប់ការសិក្សាពី USTC ធំបំផុត រហូតដល់ទៅ ១,០០០នាក់ ដែលកំពុងបម្រើការងារក្នុងក្រុមហ៊ុនយក្សចិនមួយនេះ។
ក្នុងនាមជាសាកលវិទ្យាល័យនាំមុខគេមួយនៅក្នុងប្រទេសចិន USTC នឹងបង្កើតកិច្ចសហការឱ្យកាន់តែស៊ីជម្រៅជាមួយ Huawei លើវិស័យជាច្រើនក្នុងនោះរួមមាន បញ្ញាសប្បនិម្មិត (AI) ទូរគមនាគមន៍ឥតខ្សែ (wireless communication), រ៉ូបូត និងបច្ចេកវិទ្យាកូដ (coding technology) ជាដើម៕