អាមេរិកដាក់ក្រុមហ៊ុនចិនចូលបញ្ជីខ្មៅ ពេលនេះចិនត្រៀមដាក់ក្រុមហ៊ុនអាមេរិកវិញ…
(ចិន)៖ ស្ថិតនៅក្នុងស្ថានការណ៍នៃសង្គ្រាមពាណិជ្ជកម្ម ដែលពិភពលោកទាំងមូលកំពុងតាមដាន និងព្រួយបារម្ភបំផុតនោះ ក្រសួងពាណិជ្ជកម្មចិននាថ្ងៃសុក្រនេះបានប្រកាសថា ខ្លួននឹងរៀបចំបញ្ជីឈ្មោះមួយ (បញ្ជីខ្មៅ) នៃក្រុមហ៊ុន ស្ថាប័ន និងបុគ្គលបរទេសនានា ដែលប្រទេសចិនចាត់ទុកថា អាចបង្កគ្រោះថ្នាក់ដល់ក្រុមហ៊ុនក្នុងស្រុកចិន។
ចំណាត់ការខាងលើ ដែលពុំមានបញ្ចេញឈ្មោះប្រទេស ឬក៏ក្រុមហ៊ុនណាមួយចំៗឡើយនោះ កើតមានឡើង នៅចំពោះមុខភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្មចិន-អាមេរិក ដែលបានកើនកម្តៅកាន់តែខ្លាំង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានសម្រេចកត់ឈ្មោះក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei ចូលក្នុងបញ្ជីខ្មៅរបស់ខ្លួន ដែលហាមក្រុមហ៊ុនអាមេរិក ធ្វើទំនាក់ទំនងអាជីវកម្មជាមួយក្រុមហ៊ុននេះ ដោយគ្មានការអនុញ្ញាត និងបន្ទាប់ពីអាមេរិកបានគ្រោងដំឡើងពន្ធលើផលិតចិននាំចូលទៅអាមេរិកជាច្រើនទៀត ដោយចោទថាកំពុងគំរាមផលិតផលក្នុងស្រុកអាមេរិក តាមរយៈការលក់តម្លៃថោកខ្លាំង។
បើតាមលោក កៅ ហ្វេង (Gao Feng) អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន ក្រុមហ៊ុន អង្គការ ឬបុគ្គលបរទេសណា ដែលនឹងមានឈ្មោះក្នុងបញ្ជីខាងលើ គឺដោយសារតែពួកគេបំពានច្បាប់ប្រកួតប្រជែងទីផ្សារ រំលោភស្មារតីនៃការចុះកិច្ចសន្យា រាំងខ្ទប់ការផ្គត់ផ្គង់មកក្រុមហ៊ុន ដោយគ្មានមូលហេតុច្បាស់លាស់ ឬក៏បង្កការគំរាមកំហែងធ្ងន់ធ្ងរ ដល់សិទ្ធក៏ដូចជាផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន។
គួរជម្រាបថា ក្រសួងពាណិជ្ជកម្មចិននឹងបញ្ចេញព័ត៌មានលម្អិតបន្ថែមទៀត ទាក់ទិននឹងបញ្ជីនេះ នាពេលឆាប់ៗខាងមុខ៕
ប្រភព៖ Reuters (ថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០១៩)