រុស្ស៊ីបើកដៃទទួលយក 5G របស់ក្រុមហ៊ុន Huawei ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន

151

(ម៉ូស្គូ)៖ ខណៈដែលសហរដ្ឋអាមេរិកកំពុងដើរកៀរគរឲ្យបណ្តាសម្ព័ន្ធមិត្តរបស់ខ្លួន ជាពិសេស​បណ្តាប្រទេសនៅអឺរ៉ុបឲ្យបោះបង់ចោល Huawei ដែលជាក្រុមហ៊ុនរបស់ចិននោះ បណ្តាប្រទេសដែលនិយមឈរនៅកណ្តាល និងជាប្រទេសមានចំណងទាក់ទងជាមួយចិន ហាក់មិនបានអើពើចំពោះរឿងនេះឡើយ តួយ៉ាងពេលនេះរុស្ស៊ីដែលជាមហាយក្សយោធាលេខ ២ នៅលើពិភពលោក បានសម្រេចចិត្តទទួលយកការអភិវឌ្ឍបណ្តាញ 5G របស់ក្រុមហ៊ុន Huawei តាមរយៈកិច្ចព្រមព្រៀងរវាងមន្ត្រីនៃប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ RT នាថ្ងៃព្រហស្បតិ៍ ទី០៦ ខែមិថុនា ឆ្នាំ២០១៩។

កិច្ចព្រមព្រៀងរវាងក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាយក្សចិន Huawei ជាមួយក្រុមហ៊ុន MTS ដ៏ធំរបស់ប្រទេសរុស្ស៊ី ត្រូវបានចុះហត្ថលេខានាកំឡុងជំនួបរវាងប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងទីក្រុងម៉ូស្គូនៅថ្ងៃពុធសប្ដាហ៍នេះ។ សេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន MTS បានបយ៉ាងដូច្នេះថា «កិច្ចព្រមព្រៀងនេះ គឺសំដៅទៅលើការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា 5G នៅក្នុងឆ្នាំ២០១៩ ដល់ឆ្នាំ២០២០»។

ចំពោះបណ្តាញ 5G នេះត្រូវបានគេមើលឃើញថា បាននិងកំពុងក្លាយជាប្រធានបទក្តៅគគុក នៃសង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក ព្រោះអាមេរិកតែងតែសំអាងលើ​ការចោទប្រកាន់ដោយខ្លួនឯងថា ចិនបានលួចយកបច្ចេកវិទ្យាពីអាមេរិក និងការស៊ើបការណ៍​សម្ងាត់ជាដើម ខណៈដែលអាមេរិកត្រូវបានគេមើលឃើញថា មានភាពទន់ខ្សោយនៅឡើយលើបច្ចេកវិទ្យានេះ ប៉ុន្តែប្រទេសផ្សេងៗទៀត សូម្បីតែនៅអឺរ៉ុបផ្ទាល់មិនបានរកឃើញភាពមិនប្រក្រតីណាមួយ លើផលិតផលរបស់ Huawei ឡើយ។

ការចោទប្រកាន់នេះបានឈានដល់ការដាក់ Huawei និងក្រុមហ៊ុនផ្សេងៗទៀតរបស់ចិន​ចូលក្នុងបញ្ជីខ្មៅពាណិជ្ជកម្មរបស់អាមេរិក ហើយក្រុមហ៊ុនធំៗរបស់អាមេរិកដូចជា Google, Microsoft និង Qualcomm ជាដើមបានផ្តាច់ទំនាក់ទំនងជាមួយ Huawei។ ប្រសិនបើ​បណ្តាប្រទេសអឺរ៉ុបដើរតាមនយោបាយរបស់ លោក ដូណាល់ ត្រាំ នោះអ្នកវិភាគនានា​អាចបានសន្និដ្ឋានថា ក្រុមហ៊ុន Huawei រងការខាតបង់នៅទីផ្សារអឺរ៉ុបដ៏សំខាន់របស់ខ្លួន៕

480×240 Banner