ក្រោយ Google ចង់ឲ្យអាមេរិកដកបម្រាមពី Huawei ក្រុមហ៊ុនធំៗផ្សេងទៀតដូចជា Intel និង Qualcomm ក៏កំពុងស្នើដូចគ្នា…
(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតបន្ទះឈីបល្បីៗរបស់អាមេរិករួមមាន Intel, Qualcomm, និង Xilinx Inc បាននិងកំពុងតែព្យាយាមលួងលោមស្ងាត់ៗ ឲ្យរដ្ឋាភិបាលអាមេរិកបន្ធូរដៃវិញ ពាក់ព័ន្ធការដាក់បម្រាមលើក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ដែលកំពុងបង្កឲ្យមានភាពរង្គោះរង្គើរជាខ្លាំង នៅក្នុងពិភពពាណិជ្ជកម្មបច្ចេកវិទ្យាសកល។
បើតាមប្រភពពី Reuters តំណាងក្រុមហ៊ុន Intel, Qualcomm, និង Xilinx Inc សុទ្ធតែបានជួបពិភាក្សាជាមួយក្រសួងពាណិជ្ជកម្មអាមេរិក កាលពីចុងខែឧសភាកន្លងទៅ ដើម្បីជជែកពាក់ព័ន្ធនឹងការសម្រេចចិត្តរបស់រដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ នៃការដាក់បម្រាមពាណិជ្ជកម្មលើក្រុមហ៊ុន Huawei ដែលហាមក្រុមហ៊ុននានារបស់អាមេរិក ធ្វើការរកស៊ីជាមួយ Huawei តទៅទៀត។
គួរជម្រាបថា ជុំវិញបញ្ហានៃការដាក់បម្រាមពាណិជ្ជកម្មនេះ មនុស្សភាគច្រើនតែងតែផ្តោតទៅលើថា តើក្រុមហ៊ុន Huawei នឹងទទួលរងការប៉ះពាល់ដោយរបៀបណា។ ប៉ុន្តែស្របពេលជាមួយគ្នា ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់បច្ចេកវិទ្យារបស់អាមេរិកផ្ទាល់ នឹងត្រូវប្រឈមមុខនឹងផលវិបាកធំៗមួយចំនួនផងដែរ ជាពិសេសនោះគឺក្រុមហ៊ុនទាំងនេះ អាចបាត់បង់ចំណូលរាប់ពាន់លានដុល្លារឯណោះ។
យោងតាមសេចក្តីរាយការណ៍ដដែលរបស់ទីភ្នាក់ងារព័ត៌មាន Reuters ក្នុងចំណោមទឹកប្រាក់ ៧០ពាន់លានដុល្លារដែល Huawei បានចំណាយទិញគ្រឿងបន្លាស់ផ្សេងៗ សម្រាប់ផលិតផលរបស់ខ្លួនកាលពីឆ្នាំ២០១៨ គឺប្រមាណ ១១ពាន់លានដុល្លារ បានធ្លាក់ទៅក្នុងហោប៉ៅរបស់ក្រុមហ៊ុនអាមេរិកដូចជា Qualcomm និង Intel ជាដើម។ ក្រៅពីក្រុមហ៊ុនធំៗទាំងនេះ Google ក៏កំពុងតែបញ្ចុះបញ្ចូលឲ្យរដ្ឋបាលលោក ដូណាល់ ត្រាំ លើកលែងបម្រាមលើ Huawei ផងដែរ ព្រោះការបង្កើត OS ថ្មីរបស់ក្រុមហ៊ុនចិននេះ ក្រោយឈប់ប្រើ Android នឹងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិអាមេរិក៕
ប្រភព៖ Reuters (ថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩)