ក្នុងឱកាសខួបទី៥០ឆ្នាំនៃបេសកកម្ម Apollo 11 ជាន់ដីព្រះច័ន្ទដំបូង អាមេរិកឆ្លៀតបង្ហើបអំពីយាន Orion

176

(វ៉ាស៊ីនតោន)៖ ក្នុងឱកាសខួបទី ៥០ឆ្នាំ នៃការចុះជាន់លើឋានព្រះច័ន្ទរបស់បេសកកម្ម Apollo 11 ទីភ្នាក់ងារអវកាសអាមេរិក NASA និងសេតវិមាន បានឆ្លៀតប្រកាសឲ្យដឹងពីស្ថានភាព នៃការអភិវឌ្ឍយានអវកាស Orion ដែលនឹងប្រើសម្រាប់នាំយកមនុស្សឡើង ទៅកាន់ព្រះច័ន្ទជាថ្មីម្តងនៅឆ្នាំ២០២៤។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Space News នៅព្រឹកថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩។

កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ត្រូវនឹងថ្ងៃទី២០ ខែកក្កដា (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) ដែលជាពេលយាន Eagle បានចុះចតលើផ្ទៃព្រះច័ន្ទដោយជោគជ័យកាលពី ៥០ឆ្នាំមុន អនុប្រធានធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence) បានប្រាប់ថា ដំណើរការរៀបចំដំឡើងយានអវកាស Orion នាពេលនេះគឺត្រូវបានបញ្ចប់ជាស្ថាពរហើយ និងកំពុងត្រៀមសម្រាប់ការធ្វើតេស្តសាកល្បងចុងក្រោយ ដើម្បីឆ្ពោះទៅរកការហោះហើរជាលើកដំបូង។

On the anniversary of the Apollo Moon landing, the Lockheed Martin-built Orion capsule for the Artemis 1 mission to the Moon is declared finished.

គម្រោងធ្វើការហោះហើរជាលើកដំបូងហៅថាបេសកកម្ម Artemis 1 របស់យាន Orion នឹងធ្វើឡើងតាមរយៈគ្រាប់រ៉ុក្កែតជំនាន់ថ្មី ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍដូចគ្នាឈ្មោះ Space Launch System ឬ SLS។ បេសកកម្មនោះ គឺជាការហោះហើររយៈពេល ០៣សប្តាហ៍នៅក្បែរព្រះច័ន្ទ ដោយពុំមានអវកាសយានិកឡើយ ខណៈបេសកកម្មមួយទៀតគឺ Artemis 2 ទើបវានឹងនាំយកអវកាសយានិកទៅជាមួយ។ យ៉ាងណាមិញបេសកកម្ម Artemis 1 ពុំទាន់មានការអាប់ដេតថា នឹងត្រូវធ្វើឡើងនៅពេលណាឲ្យច្បាស់នៅឡើយទេ ខណៈបេសកកម្ម Artemis 2 ត្រូវបានកំណត់ថា នឹងប្រព្រឹត្តទៅនៅឆ្នាំ២០២២។

គួរជម្រាបថា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ១៩៦៩ សហរដ្ឋអាមេរិកបានបញ្ជូនអវកាសយានិក ០៣រូប ក្នុងបេសកកម្មអាប៉ូឡូទី ១១ ដើម្បីឆ្ពោះទៅឋានព្រះច័ន្ទ ក្នុងការប្រកួតប្រជែងវិស័យអវកាសជាមួយសហភាពសូវៀត (រុស្ស៊ី)។ ក្នុងនោះមានយានអវកាស សរុបចំនួន ០២គ្រឿងគឺយាន Columbia និងយាន Eagle។ នៅពេលដល់ក្បែរព្រះច័ន្ទ លោក Neil Armstrong និង លោក Buzz Aldrin បានចូលទៅក្នុងយាន Eagle ហើយបានបញ្ជាយាននោះ ចុះទៅដល់លើផ្ទៃព្រះច័ន្ទនៅថ្ងៃទី២០ ខែកក្កដា ខណៈលោក Michael Collins បានរង់ចាំក្នុងយាន Columbia នៅលើទីអវកាស។

រហូតដល់ថ្ងៃទី២១ ខែកក្កដា យាន Eagle បានហោះឡើងទៅរកយាន Columbia វិញ ហើយទីបំផុតនៅថ្ងៃទី២៤ ខែកក្កដា អវកាសយានិកទាំង ០៣នាក់ បានត្រឡប់ចុះមកដល់ផែនដី​ដោយសុវត្ថិភាព នៅភាគខាងជើងមហាសមុទ្រប៉ាស៊ីហ្វិក។ ដោយឡែក សម្រាប់គម្រោងបញ្ជូនអវកាសយានិកជាថ្មីម្តងទៀត ឡើងឆ្ពោះទៅព្រះច័ន្ទនៅឆ្នាំ២០២៤ ខាងមុខរបស់ NASA គឺមិន មែនគ្រាន់តែដើម្បីបន្សល់ទុកដានជើងដូចមុននោះឡើយ ដោយសហរដ្ឋអាមេរិក និងប្រទេសជាដៃគូនឹងយកព្រះច័ន្ទជាស្ថានីយឈប់សំចត (Transit) ដើម្បីត្រៀមខ្លួនឆ្ពោះទៅកាន់ទីឋានផ្សេងៗទៀត ជាពិសេសគឺភពព្រះអង្គារតែម្តង៕

480×240 Banner