ចំណាយ២ពាន់លានដុល្លារ ដើម្បីស្វែងរកចម្លើយថាព្រះច័ន្ទ Europa មានលាក់ជីវិតដែរឬអត់ (វីដេអូ)
(អាមេរិក)៖ ប្រសិនបើជីវិតពិតជាកំពុងលាក់បំពួន នៅក្នុងមហាសមុទ្រក្រោមផ្ទាំងទឹកកកកម្រាស់រាប់គីឡូម៉ែត្រ នៃព្រះច័ន្ទយូរ៉ូប៉ា (Europa) របស់ភពព្រហស្បតិ៍មែននោះ បេសកកម្មនៅថ្ងៃអនាគតដែលមានឈ្មោះថា Europa Clipper នឹងអាចបកស្រាយចម្ងល់នេះបាន ហើយលោកអ្នកប្រាកដជាមិនចាំបាច់រង់ចាំយូរពេកឡើយ ចំពោះបេសកកម្មដែលត្រូវចំណាយ ២ពាន់លានដុល្លារអាមេរិកមួយនេះ។ នេះបើតាមការចេញផ្សាយដោយ Space នាថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០១៩។
បេសកកម្ម Europa Clipper បានទទួលថវិកាឧបត្ថម្ភហើយពីអង្គការ NASA ដែលវាកំពុងស្ថិតនៅក្នុងការអភិវឌ្ឍ និងគ្រោងបាញ់បង្ហោះទៅរកព្រះចន្ទ Europa នៅអំឡុងពាក់កណ្តាលទសវត្សរ៍២០២០ (ចាកចេញពីផែនដីនៅខែតុលា ឆ្នាំ២០២៤) និងត្រូវចំណាយពេល ០៦ឆ្នាំ ទើបអាចហោះដល់។ វាត្រូវបានបង្កើតឡើង ដើម្បីសិក្សាអំពីលក្ខណៈនៃស្រទាប់ទឹកកកដែលស្រោបជុំវិញ Europa ព្រមទាំងលទ្ធភាពដែលអាចបង្កើត និងទ្រទ្រង់ជីវិត របស់បរិស្ថាននៅទីនោះ។ ប៉ុន្តែយាន Clipper នេះនឹងអាចឈានទៅរកឃើញ អ្វីដែលអស្ចារ្យខ្លាំងជាងនេះ ប្រសិនបើអ្វីៗប្រព្រឹត្តទៅរលូនតាមការចង់បាននោះ។
ជុំវិញក្តីសង្ឃឹមខាងលើនេះអ្នកវិទ្យាសាស្ត្រមួយរូបនៃអង្គការ NASA លោក Robert Pappalardo ដែលកំពុងសិក្សា និងអភិវឌ្ឍន៍ Europa Clipper បានបញ្ជាក់ថា «យើងជាបេសកកម្ម ស្វែងរកតំបន់ដែលអាចទ្រទ្រង់ជីវិត…។ យើងកំពុងព្យាយាមស្វែងយល់ថា តើបរិស្ថាននៃព្រះច័ន្ទ Europa អំណោយផលសម្រាប់ជីវិតដែរ ឬទេ? យើងមិនមែនជាបេសកកម្មរុករកជីវិតស្តែងៗឡើយ ប៉ុន្តែប្រសិនបើផ្ទៃក្នុងរបស់ Europa មានផ្ទុកដោយពពួកមីក្រូអូកានិច (សារធាតុទ្រទ្រង់សារីរាង្គ) នោះយើងប្រាកដជាអាចប្រាប់អ្នកថា ប្រហែលជា… ឬក៏អាចទៅទៅរួច ដែលយើងកំពុងស្ថិតកន្លែងដែលមានជីវិតហើយ… វាជាត្រូវការពេលយូរទៀតណាស់ ប៉ុន្តែនេះមិនមែនជារឿងដែលថា មិនអាចទៅរួចនោះឡើយ…»។
ការវិភាគអំពីជីវិតនៅលើព្រះច័ន្ទទឹកកក Europa មិនមែនទើបតែកើតមាននោះឡើយ ប៉ុន្តែមានតែការបញ្ជូនឧបករណ៍ប្រកបដោយបច្ចេកវិទ្យាខ្ពស់ ទៅកាន់ទីនោះប៉ុណ្ណោះទើបអាចឲ្យយើងដឹងថា អ្វីទៅជាការពិត។ ភាពសំខាន់បំផុតនៃយាន Europa Clipper គឺឧបករណ៍ពិសោធន៍ទាំង ៩មុខ ដែលនឹងត្រូវបំពាក់លើខ្លួនវានោះឯង ព្រោះវាអាចវិភាគដឹងថា សារធាតុគីមីផ្សេងៗនៅលើ និងក្នុងផ្ទៃព្រះច័ន្ទ Europa រួមទាំងបរិយាកាសដែលតែងតែរលាយចេញពីខ្លួនវា ព្រោះព្រះច័ន្ទ Europa មានទំនាញខ្សោយណាស់ មិនអាចឲ្យវាទ្រទ្រង់បរិយាកាសបានឡើយ។
គួរបញ្ជាក់ថា ស្ថិតនៅក្រោមផ្ទាំងទឹកកករបស់ Europa ដែលមានកម្រាស់ពី ៧ ទៅ ១០គីឡូម៉ែត្រនោះ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់ថា ជាសមុទ្រទឹករាវ និងចំនួនច្រើនជាងទឹកសមុទ្រនៅលើភពផែនដី ២ ទៅ ៣ដងឯណោះ។ Europa មានប្រវែងមុខកាត់ ៣,១២១គីឡូម៉ែត្រ (ធំជាងភពភ្លុយតូ តែតូចជាងព្រះច័ន្ទផែនដី) និងចម្ងាយប្រមាណជិត ៦៣០លានគីឡូម៉ែត្រពីភពផែនដី។ វាគោចរក្នុងរយៈចម្ងាយ ៦៧០,៩០០គីឡូម៉ែត្រពីភពព្រហស្បតិ៍ និងត្រូវចំណាយពេល ៣ថ្ងៃកន្លះនៃពេលវេលាលើភពផែនដី ទើបអាចគោចរបានមួយជុំភពយក្សនោះ៕
ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space), ប្រភព៖ NASA