ជាផលវិជ្ជមានដល់ផែនដី! «ពេលនេះកាកកាហ្វេ ត្រូវបានក្រុមអ្នកស្រាវជ្រាវ បំលែងទៅជាថាមពលអគ្គិសនី» ដែលនឹងជួយឲ្យបរិស្ថានស្អាត!
(កូស្ដារីកា)៖ ក្រុមអ្នកស្រាវជ្រាវកូស្ដារីកា បានរកឃើញវិធីសាស្ត្រមួយ ក្នុងការបបំលែងកាកសំណល់កាហ្វេ ទៅជាថាមពលអគ្គិសនី ឬចំហេះជីវៈ ហើយដែលគំរោងនេះត្រូវបានដឹកនាំ ដោយសិស្សមួយក្រុម មកពីមហាវិទ្យាល័យវិស្វកម្មគីមីនៃសកលវិទ្យាល័យ Costa Rica។ នេះបើតាមប្រភពពីសាកលវិទ្យាល័យ Costa Rica ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ២៩ ខែមិថុនា ឆ្នាំ២០១៧។
យោងតាមសាកលវិទ្យាល័យ Costa Rica គំរោងនេះគឺមានគោលបំណងការពារបរិស្ថាន និងស្រទាប់អូហ្សូនពីឧស្ម័នផ្ទះកញ្ចក់ ដូចជាមេតានតាមរយៈការកាត់បន្ថយមិនឱ្យឧស្ម័នទាំងនេះ ចូលទៅក្នុងបរិយាកាស និងបំលែងវាទៅជាថាមពលអគ្គិសនី ដែលអាចជួយសន្សំសម្ចៃការចំណាយ ទៅលើប្រេងឥន្ធនៈទៀតផង។ ជាមួយគ្នានោះដែរ ប្រធានក្រុមអ្នកស្រាវជ្រាវកម្មវិធីខាងលើ លោក Cindy Torres ក៏បានអះអាងដែរថា កម្មវត្ថុចម្បងនៃគំរោងនេះ គឺផ្ដល់ចំណេះដឹង និងបច្ចេកទេសដល់អ្នកផលិតកាហ្វេ ក្នុងការប្រើប្រាស់កាកសំណល់កាហ្វេ ជាថាមពលអគ្គិសនី ដើម្បីចូលរួមចំណែកកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។
គួរបញ្ជាក់ថា ក្រសួងបរិស្ថាន និងថាមពលកូស្ដារីកា ក៏បានគាំទ្រគំរោងនេះដែរ ខណៈពួកគេកំពុងអនុវត្តន៍គោលនយោបាយ NAMA ដែលជាគោលនយោបាយមួយកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់៕