ចង់ផ្តាច់បារីដែរទេ? បន្លែ និងផ្លែឈើពិតជាអាចជួយលោកអ្នក រួចផុតពីការញៀនបារីបាន!
បរទេស៖ អ្នកជក់បារីដែលព្យាយាមចង់បោះបង់ទម្លាប់អាក្រក់របស់ខ្លួនដូចជា ការជក់បារីជារឿយៗ ឬជាប្រចាំនោះ គួរពិចារណាបង្កើនការទទួលទានផ្លែឈើ ព្រោះការសិក្សាដែលចុះផ្សាយថ្មីៗ ក្នុងព្រឹត្តិប័ត្រការស្រាវជ្រាវពីជាតិនីកូនីន និង ថ្នាំជក់ បានបង្ហាញឲ្យឃើញថា អ្នកដែលទទួលទានអាហារសុខភាពល្អ មានទំនោរផ្តាច់បារី និងថ្នាំជក់បានយូរដល់ទៅ ០៣ដង។
ក្នុងការសិក្សាស្រាវជ្រាវដែលបានធ្វើការស្ទាបស្ទង់ អ្នកជក់បារីចំនួន ១,០០០នាក់ ក្នុងបទសម្ភាសន៍តាមទូរស័ព្ទ នៅអាមេរិក អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលទទួលទានបន្លែ ផ្លែឈើច្រើន មានទំនោរ០៣ដង ក្នុងការឈប់ជក់បារី រយៈពេលយ៉ាងតិច៣០ថ្ងៃ ក្នុងកិច្ចសម្ភាសន៍បន្តបន្ទាប់ ក្នុងរយៈពេល១៤ខែក្រោយមកនោះ។
ម្យ៉ាងវិញទៀតអ្នកជក់បារីដែលទទួលទានបន្លែ នឹងផ្លែឈើជាប្រចាំអាចជក់បារីបានតិចជាងមុនក្នុង១ថ្ងៃ និងធ្វើតេស្តទៅមានកំរិតនីកូទីនទាបផងដែរ។ លើសពីនេះការសិក្សាក៏បានលើកឡើងនូវការពន្យល់ជាច្រើនផ្សេងទៀត ពាក់ព័ន្ធទៅនឹងការសិក្សាដូចជាចំនុចមួយ ធ្វើការប៉ាន់ស្មានថា អាហារពពួកសាច់ ភេសជ្ជៈមានជាតិកាហ្វេអ៊ីន និងជាតិស្រវឹងអាចជំរុញរសជាតិរបស់ថ្នាំជក់ ខណៈដែលបន្លែនឹងផ្លែឈើអាចបន្ថយរសជាតិរបស់ថ្នាំជក់បាន។
ជាមួយគ្នានេះដែរក្រុមអ្នកស្រាវជ្រាវបាននិយាយថា កាកសសៃអាហារខ្ពស់ ក្នុងបន្លែ និងផ្លែឈើ អ្នកជក់បារីពេលខ្លះច្របូកច្របល់រវាងការឃ្លាន និងការជំរុញឲ្យថយចុះនៃការឃ្លាន។
ការសិក្សាបានធ្វើការសន្និដ្ឋានថា ផែនការទទួលទានអាហារសុខភាពល្អដូចជាបន្លែ ផ្លែឈើ អាចដើរតួរជាវិធានការមួយទៀតក្នុងការប្រឆាំងនឹងការជក់បារី។ មុននេះការសិក្សាមួយ បានរកឃើញថា អ្នកជក់បារីដែលទទួលបានការព្យាបាល ដោយប្រើថ្នាំសណ្តំ និងការចាក់ម្ជុលវិទ្យាសាស្រ្ត មានទំនោរផ្តាច់បារីដល់ទៅ ០៤ដង៕