ខ្មែរជួយខ្មែរ! យុវជនមួយក្រុមចំណាយធនធានផ្ទាល់ខ្លួន ជួយបង្រៀនកូនខ្មែរជំនាន់ក្រោយលើជំនាញ Multi Media ដោយឥតគិតថ្លៃ
(ភ្នំពេញ)៖ គួរឱ្យគោរពនិងកោតសរសើរណាស់ កូនខ្មែរមួយក្រុមបានសហការណ៍គ្នាបើកសាលាបង្រៀនហៃ សាន ( HAISAN) ជួយបង្រៀនដល់កូនខ្មែរ ដែលជាយុវជនជំនាន់ក្រោយ ដែលមិនមានលទ្ធភាពគ្រប់គ្រន់ក្នុងការរៀនសូត្រ បានរៀនលើជំនាញ Multi Media ដែលមានចម្រុះរហូតដល់ជាង ១៤ ដោយមិនគិតថ្លៃ និងមិនមានលក្ខខណ្ឌអ្វីទាំងអស់ ទារទាមតែការប្តេជ្ញាចិត្ត និងការខិតខំសិក្សា។
លោក សំ ចាន់តារាពេជ្រ នាយកសាលាបង្រៀន ហៃ សាន ដែលស្ថិតនៅក្នុងបុរី ប៉េង ហួត សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះ ក្នុងឱកាសជួបជុំសិស្សប្រមាណ ៣០នាក់ ថា បានជាលោកសម្រេចចិត្តបើកសាលាជួយបង្រៀនដល់សិស្ស និស្សិត ដោយឥតគិតថ្លៃលើជំនាញ Multi Media ដែលមានចម្រុះជាច្រើនមុខនេះ គឺដើម្បីជួយដល់សិស្សនិងនិស្សិត ដែលមិនមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការស្វែងរកកន្លែងរៀន ដើម្បីពង្រឹងនូវចំណេះដឹងរបស់ខ្លួនបន្ថែមទៀត។
លោក សំ ចាន់តារាពេជ្រ ក៏បានរំលឹកផងដែរថា មុននឹងលោកបានឈានមកដល់ថ្ងៃនេះ ដំបូងឡើយក៏ដោយសារតែលោកចង់ស្វែងរកចំណេះដឹងដាក់ខ្លួន តែដោយ សារតែគ្មានថវិកា ទើបលោកបានសម្រេចចិត្តដើរសុំកន្លែងគេរៀន ដោយបានជួបនឹងលោកគ្រូរបស់លោក បានបង្រៀនលោកឱ្យទទួលបានចំណេះដឹង នឹងអាចជួយឱ្យលោកមានឱកាសរកបានការងារល្អៗធ្វើ និងទទួលបានប្រាក់កម្រៃអាចផ្គត់ផ្គង់ខ្លួនឯងបាន។
លោកបានបន្តថា ដោយសារតែលោកទទួលបាននូវអំពើល្អពីលោកគ្រូ លោកនៅតែចង់បន្តធ្វើអំពើល្អនេះបន្តទៅទៀត តាមរយៈការបើកនូវសាលាបង្រៀនជូនដល់សិស្ស និស្សិតក្រីក្រ អាចមកទទូលយកនូវចំណេះដឹងបន្ថែមលើជំនាញ Multi Media ដែលមានដូចជា ជំនាញកាត់តវីដេអូ ថតរូប Graphic Design Motion Graphic និងមានជំនាញផ្សេងៗជាច្រើនមុខទៀត ដែលពាក់ព័ន្ធធនឹងបណ្តាញសង្គមនេះផងដែរ។
លោក សំ ចាន់តារាពេជ្រ ក៏បានអំពាវនាវដល់សិស្សានុសិស្ស ដែលមានបំណងចង់ទទួលបានចំណោះដឹងបន្ថែម អាចមករៀននៅសាលារបស់លោកបាន ជាមួយនេះដែរ បើសិនជាបងប្អូនដែលមានបំណងចង់ជួយសហការ ឫជួយឧបត្ថម្ភដល់សាលា ហៃសាន អាចទំនាក់ទំនងតាមលេខទូរសព្ទ៖ ០១០ ២២២ ០០៣ លោករីករាយនឹងទទួលយក និងសហការណ៍ដោយមានគោលបំណងតែមួយគឺជួយពង្រឹងនូវចំណេះដឹងបន្ថែមដល់សិស្ស និស្សិត ដើម្បីឱ្យពួកគាត់មានជំនាញមួយច្បាស់លាស់ និងអាចធ្វើការងារមួយបានសមរម្យ។
លោក ភឿង សុខជា និងកញ្ញា ផុន ភារ៉ាជ្ញា ដែលជាសិស្សរៀននៅសាលា ហៃ សាន បានឱ្យដឹងដូចគ្នាថា ដោយសារសព្វថ្ងៃនេះធ្វើការងារបានប្រាក់ខែតិចមិនមាន លទ្ធភាពក្នុងការស្វែងរកកន្លែងរៀនដែលថ្លៃ ដូចនេះហើយសាលា ហៃ សាន ដែលបានបើកបង្រៀនដោយមិនគិតថ្លៃ ពិតជាអាចជួយសម្រាលពួកគាត់បានច្រើន ហើយក្នុងនោះដែរគឺអាចរៀនតាមម៉ោងដែលទំនេរ មិនប៉ះពាល់ដល់ម៉ោងធ្វើការនោះទេ។
លោក ភឿង សុខជា និងកញ្ញា ផុន ភារ៉ាជ្ញា បានឱ្យដឹងទៀតថា សាលានេះពិតជាល្អណាស់សម្រាប់សិស្ស និស្សិតដែលក្រីក្រី អាចមករៀនបានដើម្បីទទួលបានជំនាញមួយយ៉ាងពិតប្រាកដ និងបានថ្លែងអំណរគុណដល់លោកគ្រូនៃសាលា ហៃ សាន ទាំងអស់ដែលបានបើកបង្រៀនជួយដល់អ្នកក្រីក្រ៕