អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ នាំយកអំណោយចុះចែកជូនពលរដ្ឋ នៅទីតាំងផ្តល់សេវាព្យាបាលមេរោគអេដស៍

431

ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីនៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍(AHF) រួមទាំងក្រុមការងារនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានបើកយុទ្ធនាការនាំយកអំណោយមួយចំនួនចុះចែកជូនប្រជាពលរដ្ឋដែលមានការខ្វះខាតជាច្រើនគ្រួសារនៅតាមទីតាំងផ្តល់ សេវាព្យាបាល ឱសថប្រឆាំង មេរោគអេដស៍នានា នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដែលបានមកទទួលសេវាស្របពេលដែលរាជរដ្ឋាភិបាលបានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីវិធានការទប់ស្កាត់នឹងការរាតត្បាតដ៏កាចសាហាវនៃជំងឺកូវីដ-១៩។

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ជាអង្គការប្រយុទ្ធនឹងជំងឺអេដស៍ធំជាងគេ ដែលមាននៅទូទាំងប្រទេសចំនួន៤៥។ ជាពិសេសនៅប្រទេសកម្ពុជា ដោយមានកិច្ចសហការជាដៃគូជាមួយរាជរដ្ឋាភិបាល ក្នុងការផ្តល់សេវាព្យាបាល ថែទាំដល់អ្នករស់នៅជាមួយមេរោគអេដស៍ចំនួន ៣៨ទីតាំង ដែលកំពុងផ្តល់ ឱសថប្រឆាំងមេរោគអេដស៍ដល់អតិថិជនចំនួនជាងបួនម៉ឺននាក់ និងមានគម្រោងបង្ការមេរោគអេដស៍ តេស្តឈាមចល័តនៅតាមខេត្តក្រុងនៅក្នុងប្រទេសកម្ពុជា។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បានលើកឡើងថា នៅពេលដែលប្រទេសកម្ពុជា កំពុងប្រឈមនឹងជំងឺកូវីដ-១៩នេះ អ្នករស់នៅជាមួយមេរោគអេដស៍ និងក្រុមគ្រួសារ ដែលកំពុងរងផលប៉ះពាល់ដោយមេរោគអេដស៍ និងការរាតត្បាតដោយមេរោគកូវីដ-១៩នេះ បានធ្វើឲ្យពួកគាត់មានការលំបាកកាន់តែខ្លាំង។ តែទោះជាយ៉ាងណាក៏ដោយ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF)តែងតែមានការផ្តល់ការឆ្លើយតបបន្ទាន់ ក្នុងអំឡុងពេលជួបការលំបាកដូចជាទឹកជំនន់ និងស្ថានភាពលំបាក ផ្សេងទៀត កន្លងមក ដោយរួមជាមួយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាលមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើសើស្បែក និងកាមរោគ (NCHADS) បានយកចិត្តទុកដាក់ និងប្រឹងប្រែង ធ្វើយ៉ាងណាឲ្យពួកគាត់ទទួលបានការព្យាបាលពុំមានអាក់ខាននោះឡើយ និងជំនួយឧបត្ថម្ភជួយដោះស្រាយក្នុងខណៈដ៏តានតឹងនេះផងដែរ។

លោកវេជ្ជបណ្ឌិត បានបន្ថែមថា នៅក្នុងដំណាក់កាលដែលពិភពលោកកំពុងតែរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩ និងជាពិសេសនៅប្រទេសកម្ពុជា កំពុងតែមានការរាតត្បាតយ៉ាងណាក៏ដោយ រដ្ឋាភិបាលក៏មានចំណាត់ការ និងវិធានការណ៍យ៉ាងតឹងរឹង ដោយបានបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីទប់ស្កាត់ ជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា ដែលនេះពិតជាធ្វើឱ្យពលរដ្ឋជួបការលំបាកក៏ពិតមែន តែទោះជាយ៉ាងណាប្រជាពលរដ្ឋ ត្រូវតែចូលរួមអនុវត្តន៍ឱ្យម៉ឺងម៉ាត់ ជាមួយរាជរដ្ឋាភិបាល ដោយសុខចិត្តលំបាកពេលខ្លី ដើម្បីឱ្យស្ថានភាពនឹងបានល្អប្រសើរឡើងវិញ។

ជាមួយគ្នានោះដែរលោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យបានម៉ឺងម៉ាត់ អនុវត្តតាមការណែនាំឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ដែលបានដាក់ចេញដោយរដ្ឋាភិបាល «៣ការពារ និង៣កុំ» និងចូលអនុវត្តន៍នូវវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីអាចជៀសផុតពីជំងឺកូវីដ១៩ និងជាពិសេត្រូវនាំគ្នាទៅចាក់វ៉ាក់សាំង តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ទាំងអស់គ្នា។

សូមបញ្ជាក់ថា អំណោយដែល អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ចុះចែកជូនប្រជាពលរដ្ឋដែលមានការខ្វះខាត នៅតាមទីតាំងផ្តល់សេវាព្យាបាល ឱសថប្រឆាំងមេរោគអេដស៍ទូទាំងប្រទេស រួមមានអង្ករចំនួន៦១តោន ត្រីខចំនួន ៤១,០០០០កំប៉ុង និងគ្រឿងបរិភោគផ្សេងទៀត៕

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ នាំយកអំណោយចុះចែកជូនពលរដ្ឋ  នៅទីតាំងផ្តល់សេវាព្យាបាលមេរោគអេដស៍
480×240 Banner